(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំថ្ងៃកំណើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
ពិធីអបអរសាទរដែលនឹងធ្វើឡើងយ៉ាងមហោឡារឹកនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ ក៏នឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីតំណាងអង្គទូតនានា ព្រមទាំងមន្ត្រីសេនានុព័ន្ធយោធា របស់បណ្តាប្រទេសនានាផងដែរ។ ក្រៅពីនោះនាយទាហាន ពលទាហាន អមដោយយុទ្ធោបករណ៍ទំនើបៗជាច្រើននឹងត្រូវយកមកបង្ហាញផងដែរ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេតេជោ ហ៊ុន សែន ថ្លែងទៅកាន់កងទ័ព និងប្រជាពលរដ្ឋកម្ពុជាទាំងអស់៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះខួប២០ឆ្នាំថ្ងៃកំណើតបញ្ជាការដ្ឋានកងទ័ពជើងគោក និងបានថ្លែងអំណរគុណនាយឧត្តមសេនីយ៍ មាស សុភា ដែលបានដឹកនាំកងទ័ពជើងគោកនាពេលកន្លងទៅ និងអរគុណដល់អតីតយុទ្ធជន យុទ្ធនារីទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ដែលឃើញកងទ័ពជើងគោកបានរីកធំធាត់ដូចពេលបច្ចុប្បន្ន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននៅមានទាហានស៊ីឈ្មោះអ្នកដទៃ។ កងទ័ពស៊ីឈ្មោះនេះ គឺមានតាំងពីពេលកម្ពុជាកាត់បន្ថយកងទ័ពក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៩៣ រូបសម្តេច និងនាយឧត្តមសេនីយ៍ ប៉ុល សារឿន ត្រូវបានគេចាប់ឃុំក្នុងផ្ទះ
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីបញ្ចៀសការបង្ហូរឈាម សម្តេចបានប្រាប់អ្នកចាប់សម្តេចថា សម្តេចសុខចិត្តចុះចេញពីតំណែង ហើយឲ្យគេធ្វើជានាយករដ្ឋមន្ត្រីជំនួសសម្តេច។
* សម្តេចតេជោ បានថ្លែងទៀតថា បំណងលាលែងចុះចេញពីតំណែងរបស់សម្តេចត្រូវបាននាយឧត្តមសេនីយ៍ ទៀ បាញ់ និងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានប្រកាសបដិសេធ ហើយថា បើសម្តេចលាលែងសង្គ្រាមបង្ហូរឈាមមួយនឹងកើតឡើង។ ព្រោះតែការគំរាមនេះ ទើបធ្វើឲ្យការប៉ុនប៉ងទម្លាក់សម្តេចពីនាយករដ្ឋមន្ត្រីត្រូវបានបរាជ័យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ១៩៩៤ មានការប៉ុនប៉ងទម្លាក់សម្តេចចេញពីនាយករដ្ឋមន្ត្រីម្តងទៀត។ ការប៉ុនប៉ងទាំងនេះសុទ្ធតែជាបំណងចង់បំផ្លាញចោលនូវសមិទ្ធិផលសុខសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីការប៉ុនប៉ងនោះហើយ ទើបធ្វើឲ្យសម្តេចមានការពិចារណា និងរៀបចំផែនការទប់ទល់ និងពង្រឹងរចនាសម្ព័ន្ធកងទ័ព។ សម្តេចតេជោ បានថ្លែងថា ដរាបណាសម្តេចនៅមានវត្តមាន គឺមិនអនុញ្ញាតឲ្យមានរដ្ឋប្រហារនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែថា ដើម្បីដោះស្រាយបញ្ហាចម្រូងចម្រាស់នៃការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះហើយ ទើបសម្តេច និងសម្តេចក្រុមព្រះ បានព្រមព្រៀងគ្នាបង្កើតឡើងនូវរាជរដ្ឋាភិបាលមួយ ដែលមានសម្តេច និងសម្តេចក្រុមព្រះជាសហនាយករដ្ឋមន្ត្រី និងធ្វើជាសហរដ្ឋមន្ត្រីក្រសួងការពារជាតិ និងសហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ហើយអគ្គបញ្ជាការកងយោធធពលខេមរភូមិន្ទ និងអគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធ មានភារកិច្ចខុសគ្នា។ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទគ្រប់គ្រងតែកងទ័ពប៉ុណ្ណោះ ប៉ុន្តែអគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធបញ្ជាទៅលើកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងកាន់អាវុធទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងរ៉ាវរបស់កម្ពុជាពីអតីតកាលសម្តេចអាចចន្លោះ ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៧៧មក ព្រឹត្តិការណ៍របស់ជាតិមិនរំលងពីសម្តេចនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលបន់ឲ្យសម្តេចសម្លាប់ គឺមិនអាចសម្រេចបំណងនោះឡើយ ព្រោះសូម្បីបេ៤០ ចំនួន៤គ្រាប់ បាញ់សម្តៅសម្តេចក៏មិនអាចធ្វើអីសម្តេចបានដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាំងពីដើមមក គឺសម្តេចតែងផ្តោតការយកចិត្តទុកដាក់ទៅលើខឿនការពារជាតិប្រជាជន ព្រោះកងទ័ពកើតចេញពីប្រជាជន និងធ្វើអ្វីៗ ដើម្បីសេចក្តីសុខរបស់កងទ័ព។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កងទ័ពទាំងអស់ចូលរួមរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសង្គម ចូលរួមអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព ចូលរួមប្រយុទ្ធប្រឆាំងអំពើចោរកម្ម និងភាពអសកម្មផ្សេងៗ។ ត្រូវធានាថា សង្គមកម្ពុជាមានសន្តិភាព ទោះក្នុងកាលៈទេសៈណាក៏ដោយមិនត្រូវឲ្យនរណាបំផ្លាញសន្តិភាពបាននោះឡើយ។
* សម្តេចតេជោ បានថ្លែងថា កងទ័ពទាំងអស់ត្រូវតែប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងវាយកម្ទេចចោលនូវបដិវត្តន៍ពណ៌ ដែលចង់បំផ្លាញចោលនូវរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យនៅកម្ពុជា។ កងទ័ពត្រូវតែអព្យាក្រឹតជាមួយរាជរដ្ឋាភិបាល មិនមែនអព្យាក្រឹតជាមួយក្រុមឧទ្ទាមនោះឡើយ។
* សម្តេចតេជោ បានថ្លែងថា ត្រូវកម្ទេចចោលអំពើទាំងឡាយដែលចង់ប្លន់អំណាចដោយមិនគោរពរដ្ឋធម្មនុញ្ញ ដោយមិនចាំបាច់បទបញ្ជានោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់កងទ័ពថា ត្រូវចាំឲ្យបានមិនត្រូវឲ្យជនណាមួយមកបំផ្លាញរដ្ឋបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនខ្លាចនឹងបញ្ជាកងទ័ពឲ្យកម្ទេចជនទាំងឡាយ ដែលចង់បំផ្លាញរដ្ឋនោះឡើយ។ សម្តេចតេជោថា ស្លាប់មនុស្ស៤-៥នាក់ ប្រសើរជាងស្លាប់មនុស្សរាប់ម៉ឺន រាប់សែននាក់ដូចពីអតីតកាល។
* សម្តេចតេជោ បានថ្លែងថា ប្រសាសន៍របស់សម្តេចមិនមែនជាការគំរាមកំហែងនរណានោះឡើយ តែជាការពង្រឹងកងទ័ព កងកម្លាំងប្រដាប់អាវុធ ដើម្បីធានាថាគ្មានអំពើភេរវកម្ម និងការប្លន់អំណាចក្រៅក្របខណ្ឌច្បាប់។
* សម្តេចតេជោ បានថ្លែងមិនត្រូវឲ្យឧទ្ទាមទីក្រុង និងឧទ្ទាមក្នុងព្រៃផ្តួលរំលំរដ្ឋបាននោះទេ សូម្បីតែបារាំងក៏បញ្ចេញកម្លាំងការពារក្រុមអាវកាក់ពណ៌លឿងថែមទៀតផង។ សម្តេចតេជោ បញ្ជាក់ថា បារាំងធ្វើបាន ហេតុអ្វីកម្ពុជាធ្វើមិនបាន។
* សម្តេចតេជោបានលើកឡើងទៀតថា ប្រទេសខ្លះយកកម្លាំងប្រដាប់អាវុធទៅដណ្តើមអំណាច ចុះកម្ពុជាប្រើកងទ័ពការពាររដ្ឋាភិបាល ហេតុអ្វីធ្វើមិនបាន? លើលោកនេះគ្មានទេយុត្តិធម៌។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កងទ័ពចូលរួមជាមួយកម្លាំងដទៃជួយដល់ប្រជាជន ជាពិសេសពេលមានគ្រោះមហន្តរាយ។ កងទ័ពជាកូនចៅរបស់ប្រជាជន ត្រូវជួយដល់ប្រជាជន។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់កងទ័ពមិនត្រូវធ្វើឲ្យប្រជាជនស្រក់ទឹកភ្នែកនោះទេ ត្រូវរក្សាភាពស្អាតស្អំ ភាពថ្លៃថ្នូររបស់កងទ័ព។
* សម្តេចតេជោ បានថ្លែងថា កងទ័ពត្រូវគាំទ្រដល់កម្លាំងអនុវត្តន៍ច្បាប់ ដើម្បីធានាដល់ការការពារព្រៃឈើ ជលផល និងធនធានធម្មជាតិដទៃទៀត។ សម្តេចតេជោបន្តថា កងទ័ពមិនត្រូវក្លាយខ្លួនទៅជាអ្នកកាប់ឈើ ឬការពារឈ្មួញកាប់ព្រៃឈើនោះទេ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់កម្លាំងរក្សាសន្តិភាពមិនត្រូវធ្វើឲ្យមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋនៅតាមបណ្តាប្រទេស ដែលខ្លួនកំពុងបំពេញបេសកកម្មនោះទេ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់កងទ័ពចូលរួមគាំទ្រដល់កម្លាំងប្រមូលចំណូលជាតិទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ហើយត្រូវតែប្រឹងប្រែងជួយទប់ស្កាត់អ្នកធ្វើជំនួញខុសច្បាប់ ហើយត្រូវជួយការពារអ្នកដែលធ្វើជំនួញស្របច្បាប់។
* សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា មិនត្រូវឲ្យជនមួយចំនួនតូចធ្វើឲ្យប៉ះពាល់ដល់ភាពស្អាតស្អំ និងសេចក្តីថ្លៃថ្នូររបស់កងទ័ពនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឲ្យអនុវត្តន៍វប្បធម៌បង់ពន្ធដារ ដើម្បីបានថវិកាជួយដល់កងទ័ព និងមន្ត្រីរាជការ។
* សម្តេចតេជោ បានថ្លែងថា កម្ពុជាមិនមែនខ្វះលទ្ធភាពក្នុងការបើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការដូចកាលពីទសវត្សរ៍ឆ្នាំ៨០នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាត្រូវយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពរបស់កងទ័ព។ សម្តេចបន្តថា ការហ្វឹកហ្វឺនត្រូវធ្វើជាប្រចាំគ្រប់ជំនាញ។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា សម្ភារៈកាន់តែទំនើប តែមនុស្សមិនទំនើប គឺស្មើគ្មានសម្ភារៈ។
* សម្តេចតេជោ បានថ្លែងជំរុញឲ្យនាយទាហានទាំងអស់ត្រូវចេះប្រើអាវុធយុទ្ធភណ្ឌ ហើយត្រូវចេះប្រើផែនទី និងត្រីវិស័យ។ ស៊ូបង្ហូរញើសលើទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាមលើទីលានប្រយុទ្ធ។
* សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវដល់កងទ័ពទាំងអស់ប្រឹងប្រែងសម្រកក្បាលពោះ។
* សម្តេចតេជោ បានថ្លែងថា ការហ្វឹកហ្វឺនកងទ័ពត្រូវតែយកចិត្តទុកដាក់ខ្ពស់ ហើយរាល់ពេលពិភាក្សាលើការប្រើប្រាស់ថវិកាជាតិ ត្រូវតែមានការពិចារណារឿងប្រើប្រាស់ថវិកាលើការហ្វឹកហាត់នេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បេអឹម២១ បាញ់ចម្ងាយ២០គីឡូ មួយគ្រាប់តម្លៃមិនតិចជាង ២ពាន់ដុល្លារនោះទេ។
* សម្តេចតេជោ ហ៊ុន សែន ដាស់តឿនដល់កងកម្លាំងគ្រប់អង្គភាពត្រូវតែថែទាំងឲ្យហ្មត់ចត់រាល់យុទ្ធោបករណ៍ទាំងអស់ ដើម្បីធានានៅពេលត្រូវការគឺអាចប្រើបានមិនត្រូវយកទៅទុកចោលនោះឡើយ។
* សម្តេចតេជោ បានថ្លែងថា មិនត្រូវឲ្យរថក្រោះ រថពាសដែក អត់សាំង អត់ប្រេង ឬអស់អាគុយ ពេលត្រូវការប្រាស់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យយកចិត្តទុកដាក់លើជីវភាពរបស់កងទ័ព ពោលត្រូវមើលកងទ័ពពីក្បាលដល់ចុងជើង និងពីចុងជើង ដល់ក្បាល។
* សម្តេចតេជោ អំពាវនាវដល់កងទ័ពត្រូវចេះដាំដុះបន្លែ និងការចិញ្ចឹមសត្វបន្ថែម ដើម្បីបំពេញការហូបចុកប្រចាំថ្ងៃ។
* សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា កងទ័ពត្រូវដើរតួជាអ្នកការទូត ដោយត្រូវធ្វើទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអនុញ្ញាតឲ្យកងទ័ពកម្ពុជាចេញទៅប្រទេសណាមួយ ដោយមិនស្ថិតនៅក្រោមទង់អង្គការសហប្រជាជាតិនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកសាងកម្លាំងទ័ពនេះមិនមែនដើម្បីធ្វើសង្គ្រាមនោះឡើយ តែជាការកសាងកម្លាំងដើម្បីការពារសន្តិភាព បើគ្មាននរណាឈ្លាន គ្មាននរណាមកផ្តួលរំលំរាជរដ្ឋាភិបាល គឺមិនមានតម្រូវការប្រើកម្លាំងនោះឡើយ។
* សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា អ្នកដែលថា សម្តេចកំពុងតែពង្រឹងអំណាច គឺជាការត្រឹមត្រូវណាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណគ្រប់ភាគីទាំងអស់ ដែលបានជួយធ្វើឲ្យកងទ័ពខ្លាំងក្លាដូចពេលបច្ចុប្បន្ននេះ។
* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថាប្រកបដោយភាពក្លៀវក្លានៅវេលាម៉ោង១០៖០៣នាទី៕