(ភ្នំពេញ)៖ សាកលវិទ្យាល័យចិន «FUDAN University» និងសាកលវិទ្យាល័យចិនមួយទៀតឈ្មោះថា «Guanqxi University Of Finance and Economics» បានជ្រើសយកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ធ្វើជាដៃគូសហការ ដើម្បីពង្រឹងវិស័យអប់រំឧត្តមសិក្សា និងដើម្បីពង្រឹងចំណងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិនបន្ថែមទៀត។ ការប្រកាសចាប់ដៃគូគ្នានេះ បានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ទាំង៣ភាគី នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពី លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកស្រី JIAO YANG អគ្គលេខាធិការនៃសាកលវិទ្យាល័យចិន ឈ្មោះថា «FUDAN University», លោកស្រី Hui PAN សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Guanqxi University Of Finance and Economics និងធ្វើជាសាក្សីភាព ដោយ លោក ពិន ចំណាន រដ្ឋមន្ត្រីស្តីនៃក្រសួងអប់រំ យុវជន និងកីឡា តំណាងស្ថានទូតចិនប្រចាំម្ពុជា រួមនឹងសាស្រ្តចារ្យទាំង៣សាកលវិទ្យាល័យជាច្រើនរូបទៀត។
ថ្លែងនៅក្នុងពិធីចុះ MoU នាពេលនោះ លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា នេះជាលទ្ធផលមួយនៃយុទ្ធសាស្ត្របង្កើនកិច្ចសហការអន្តរជាតិរបស់សាកលិទ្យាល័យភូមិន្ទភ្នំពេញ។
លោក ជេត ជាលី បន្ថែមថា ការចុះMoU នាពេលនេះ ពិតជាផ្តល់ផលប្រយោជន៍ជាច្រើនទៅដល់និស្សិតកម្ពុជា ហើយក៏អាចចាត់ទុកថា នេះជាការបើកជំហរជើងមេឃ ឲ្យនិស្សិតកម្ពុជា មានបទពិសោធន៍ថ្មីៗ ជាពិសេសការបានទៅសិក្សានៅបរទេស ដូចជាប្រទេសចិនជាដើម។ លោក រំពឹងថា ការសហការគ្នានាពេលនេះ នឹងកាន់តែធ្វើឲ្យវិស័យអប់រំនៅកម្ពុជា នឹងរឹងមាំ រីកចម្រើនបន្ថែមទៀត។
លោកស្រី JIAO YANG អគ្គលេខាធិការនៃសាកលវិទ្យាល័យចិន ឈ្មោះថា «FUDAN University» បានលើកឡើងថា ក្រោយពីទទួលបានការចុះ MoU ជាផ្លូវការនាថ្ងៃនេះ លោកស្រីនឹងជំរុញការងារឲ្យកាន់តែល្អប្រសើរ ដោយរាប់បញ្ចូលួទាំងការផ្តល់អាហារូបករណ៍ និងផ្តល់ឱកាសឲ្យនិស្សិតកម្ពុជា បានទៅសិក្សានៅសាកលវិទ្យាល័យរបស់លោកស្រី ដែលមានស្នាក់ការនៅប្រទេសចិន។ ក្រៅពីនោះ យើងក៏នៅមានការសហការគ្នាជាច្រើនផ្នែកទៀត តែនៅមិនទាន់អាចកំណត់ថា នឹងផ្តោតសំខាន់ លើផ្នែកណាខ្លះនៅឡើយទេ រង់ចាំការប្រជុំពិភាក្សាគ្នានៅពេលក្រោយទៀត។
លោកស្រី JIAO YANG បានបន្តថា ការជ្រើសរើសយកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាដៃគូសហការដោយសារតែ សាកលវិទ្យាល័យមួយនេះ បានផ្តល់ជូនដល់និស្សិតនូវចំណេះដឹងយ៉ាងពិតប្រាកដ ហើយភាគច្រើននិស្សិតសិក្សានៅទីនេះ គឺជាសិស្សពូកែ និងមានសមត្ថភាព មិនចាញ់និស្សិតបរទេសឡើយ។
ប្រមុខនៃសាកលវិទ្យាល័យទាំង៣ បានសង្ឃឹមយ៉ាងមុតមាំថា MOU នេះ នឹងធ្វើឲ្យមានកិច្ចសហប្រតិបត្តិការល្អិតរមួត រវាងកម្ពុជា និងចិនផងដែរ ហើយនិស្សិត ក៏ដូចជាសាស្ត្រាចារ្យនៃប្រទេសទាំងពីរ នឹងបានចែករំលែកចំណេះដឹងដល់គ្នាទៅវិញទៅមក ឲ្យកាន់តែល្អប្រសើរថែមទៀត៕