(ប៉ៃលិន)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ បានបន្ដចុះសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ ជូនដល់អ្នកផ្ទុកមេរោគអេដស៍ ចាស់គ្មានទីពឹង ស្ដ្រីមេម៉ាយ កុមារកំព្រា ជនពិការ ចំនួន ២,៦៧៤គ្រួសារ ដែលមកពី៤៥ភូមិ ក្នុងឃុំចំនួន៤ នៃក្រុងប៉ៃលិន ខេត្ដប៉ៃលិន។ កម្មវិធីនេះប្រារព្ធធ្វើឡើងនៅភូមិអូតាវ៉ៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋជាង២ពាន់គ្រួសារផងដែរ នៅស្រុកសាលាក្រៅ ខេត្ដប៉ៃលិន និងបានចែកនូវអំណោយមនុស្សធម៌ ក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ ទឹកសុទ្ធ១ដប និងនំបុ័ង១ដើម។ ជាមួយគ្នានេះ ក៏ទទួលបាន ក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល ជាអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
គួររំលឹកថា នេះជាលើកទី៤ហើយ ដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត នៅក្នុងខេត្ដប៉ៃលិន។ ដោយលើកទី១ នៅឆ្នាំ១៩៩៩, លើកទី២ នៅឆ្នាំ២០១០, លើកទី៣ ឆ្នាំ២០១៣ និងលើកទី៤ នៅឆ្នាំ២០១៩នេះ។
កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតជាប្រធាន, សម្ដេចតែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយទីកន្លែងណា មានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា។
លើសពីនោះដើម្បីឆ្លើយតប នឹងបញ្ហាគ្រោះមហន្ដរាយ បញ្ហាសុខភាព ក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជា ព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជំរុញគ្រប់សកម្មភាពការងារ នៃវិស័យស្នូលទាំង៤ ឱ្យប្រតិបត្តិការ ទៅដោយរលូន និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។
សូមជម្រាបថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ និងមេដឹកនាំពិភពលោកផងដែរ ធ្វើការវាយតម្លៃខ្ពស់ថា ជាកុលធីតាកម្ពុជាមួយរូប ដែលបានធ្វើសកម្មភាពយ៉ាងក្លៀវក្លា ក្នុងបុព្វហេតុមនុស្សធម៌ និងជានិមិត្តរូបដ៏ឧត្តុងឧត្តម នៃការជួយសង្រ្គោះជនរងគ្រោះនៅកម្ពុជាគ្រប់រូប ដោយមិនប្រកាន់និន្នាការ រើសអើងពូជសាសន៍ ឬពណ៌សម្បុរនោះឡើយ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការគ្រប់គ្រង និងដោះស្រាយប្រកដោយប្រសិទ្ធភាពខ្ពស់ ក្នុងបុព្វហេតុមនុស្សធម៌ ពោលបានប្រឹងប្រែងកៀងគរជំនួយមនុស្សធម៌ ចុះជួយសង្រ្គោះប្រជាពលរដ្ឋ ជាជនចាស់ជរាគ្មានទីពឹង ក្មេងអនាថា ជនផ្ទុកមេរោគអេដស៍ ជនរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗ នៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬពណ៌សម្បុរនោះឡើយ ពោលទីណាមានទុក្ខលំបាក និង មានប្រជាពលរដ្ឋរងគ្រោះ តែងមានវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងកាកបាទក្រហមកម្ពុជាជាប់ជានិច្ច។ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានតាមដានជាប់ជានិច្ច តាមប្រព័ន្ធព័ត៌មាននានា ដើម្បីស្វែងរកជនរងគ្រោះជួបការលំបាក ហើយក៏ចាត់ឲ្យមន្រ្តីរបស់ខ្លួន ចេញ សង្រ្គោះបន្ទាន់ផងដែរ។
មិនត្រឹមតែពលរដ្ឋកម្ពុជានោះឡើយ សូម្បីប្រជាពលរដ្ឋនៅបណ្តាប្រទេសលើពិភពលោក ដែលជួបគ្រោះមហន្តរាយបណ្តាលមកពីគ្រោះ ធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ ឬរញ្ជួញដីជាដើមនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានចូលរួមវិភាគទាន ដើម្បីជួយសង្រ្គោះជាតិ ដល់ជនរងគ្រោះទាំងនោះផងដែរ៕