(សៀមរាប)៖ នាឱកាសចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សាមួយខ្នង នៅក្នុងសាលាបឋមសិក្សាជាលាធំ ស្ថិតនៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជនជាតិជប៉ុនម្នាក់ គឺលោក Kiyoshi MATSUMOTO ដែលជាតំណាងម្ចាស់ជំនួយសង់អគារខាងលើ បានថ្លែងសារដ៏មានអត្ថន័យទៅកាន់ប្រជាជនកម្ពុជា ហាក់បង្ហាញនូវក្ដីគោរពស្រលាញ់ចូលចិត្ត និងស្ញប់ស្ញែងនឹងស្នាដៃដ៏អស្ចារ្យនានារបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន។
នៅចំពោះមុខមន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរ ជនជាតិជប៉ុនរូបនេះបានថ្លែងទាំងទឹកមុខញញឹមរីករាយថា «បេតិកភណ្ឌវប្បធម៌អង្គរ គឺជាបេតិកភណ្ឌពិភពលោកមួយដ៏សំខាន់បំផុត ហើយមានតម្លៃខ្ពស់សម្រាប់ពិភពលោក»។
គួរជម្រាបថា អគារសិក្សាថ្មីមួយខ្នងខាងលើនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីត្រូវបានសាងសង់រួចរាល់ក្រោមជំនួយរបស់អង្គការ ARK Beautiful Earth of Children មកពីប្រទេសជប៉ុន។
លោក ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បានថ្លែងថា ការចូលរួមរបស់អង្គការ ARK Beautiful Earth of Children នាពេលនេះ សបញ្ជាក់ឱ្យឃើញនូវការយកចិត្តទុកដាក់លើការអប់រំដល់បុត្រាបុត្រី តាមរយៈបញ្ជូនកូនទៅសាលាបឋមសិក្សាជាលាធំ ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍រុនតាឯក ក៏ដូចជាសាលាទាំងអស់នៅកម្ពុជា។
អ្នកគ្រូ ភឿម យ៉េង នាយិកាសាលាបឋមសិក្សាជាលាធំ បានលើកឡើងថា នៅឆ្នាំ២០១០ សាលាជាលាធំ បានចាប់ផ្តើមបើកបង្រៀនមួយថ្នាក់នៅក្នុងរោងដោល ដែលមានសិស្សសរុប ២០នាក់។ ដោយសារមានការគិតគូរ និងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរជាតិអប្សរា ដែលដឹកនាំផ្ទាល់របស់ក្រុមការងារគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានសង់អគារសិក្សាថ្មីមួយខ្នងមាន ៥បន្ទប់ នៅឆ្នាំ២០១២។
អ្នកគ្រូបានបន្តថា ដោយនៅភូមិធម្មជាតិរុនតាឯក ទទួលបានប្រជាជនមករស់នៅកាន់តែច្រើន កំណើនចំនួនកុមារដែលត្រូវការអប់រំក៏មានច្រើន។ ថ្មីៗនេះ ក្រោមការដឹកនាំរបស់លោក ម៉ី ម៉ារ៉ាឌី ជាប្រធានគម្រោង បានសាងសង់អគារសិក្សាថ្មីមួយខ្នងមាន ៥បន្ទប់ ដែលជាអំណោយរបស់អង្គការជប៉ុនមួយនេះឯង។
លោក Kiyoshi MATSUMOTO បានឱ្យដឹងថា «កុមារដែលមានដើមកំណើត និងធំធាត់នៅក្នុងតំបន់បេតិកភណ្ឌ គួរតែទទួលបាននូវការអប់រំជាមួយបេតិកភណ្ឌវប្បធម៌របស់គេ និងដើម្បីអភិវឌ្ឍន៍អនាគតរបស់ពួកគេឱ្យកាន់តែប្រសើរ»។
លោកបន្ថែមថា ការចូលរួមសង់អគារសិក្សាថ្មីនេះជាកិត្តិយសដ៏អស្ចារ្យរបស់លោក ដែលអាចធ្វើសហប្រតិបត្តិការ ដើម្បីកែលម្អស្ថានភាពអប់រំរបស់កុមារ នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកឱ្យកាន់តែប្រសើរឡើង៕