(ភ្នំពេញ)៖ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌឬស្សីកែវ បានគូសបញ្ជាក់ថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ស្អែកនេះ រដ្ឋបាលខណ្ឌ និងមានវិធានការចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ ជាទ្រង់ទ្រាយធំ ដែលដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ក្រោយពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវសេចក្ដីណែនាំ ស្ដីពីការដោះស្រាយចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
លោកអភិបាលខណ្ឌឬស្សីកែវ ជា ពិសី បានគូសបញ្ជាក់យ៉ាងដូច្នេះ ក្នុងពេលលោកនាំយកថវិកាផ្ទាល់ខ្លួន ចំនួន១០០ដុល្លារ ជាមួយអង្ករ៥០០គីឡូក្រាម, ឃីត៥០កញ្ចប់, កន្សែង៥០, អាវយឺត៥០, និងដបទឹក៥០ ដែលបានមកពីសប្បុរសជនផងនោះ ដើម្បីមកឧបត្ថម្ភដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ចំនួន៥០នាក់ ក្នុងការសំណេះសំណាល និងកោតសរសើរដល់កម្លាំង ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ នាល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅសាលាខណ្ឌ។
ក្នុងពេលជួបសំណេះសំណាល និងកោតសរសើរចំពោះកម្លាំងសណ្ដាប់ធ្នាប់ខាងលើនេះ លោក ជា ពិសី បានថ្លែងថា ក្រោមដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ចេញផែនការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីពង្រីកវិសាលភាពនៃការអនុវត្ត ស្របតាមមាត្រា៥ និងមាត្រា២៩ នៃច្បាប់ស្ដីពីផ្លូវថ្នល់ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ឈានទៅរករក្សាបានសណ្ដាប់ធ្នាប់របៀបរៀបរយតាមដងផ្លូវ សម្រួលលំហូរចរាចរណ៍ លើកកម្ពស់សោភ័ណភាពទីក្រុង និងដើម្បីតម្រង់ទិសការប្រើប្រាស់ចិញ្ចើមផ្លូវក្នុងរាជធានីភ្នំពេញ ឲ្យចំទិសដៅសម្រាប់ប្រយោជន៍សាធារណៈ៕