(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញអំពីយុទ្ធសាស្រ្តមួយចំនួន ដើម្បីឆ្លើយតប និងដោះស្រាយចំពោះការយកពន្ធរបស់សហភាពអឺរ៉ុប ចំពោះអង្ករ៤ប្រភេទដែលនាំចូលពីកម្ពុជា។
ការចេញសេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពី ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ បានជួបប្រជុំពិភាក្សាទៅលើផលប៉ះពាល់នៃការដាក់ពន្ធលើអង្ករដែលនាំចូលពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប នាថ្មីៗនេះ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖ «ជាលទ្ធផល ដើម្បីឆ្លើយតបនឹងការយកពន្ធនេះ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងព្យាយាមតវ៉ាទៅអន្តរជាតិ និងព្យាយាមពង្រឹងការប្រកួតប្រជែង តាមរយៈការកាត់បន្ថយចំណាយថ្លៃដើម និងពង្រីកទីផ្សារដោយធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រុមការងារទី៩ នៃវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនផ្នែកស្រូវអង្ករ ដើម្បីជំរុញការប្រកួតប្រជែង និងព្យាយាមជំរុញម៉ាកសញ្ញាអង្ករប្រណិតកម្ពុជា ម្លិះអង្គរ ដែលជាម៉ាកសញ្ញាសម្រាប់សម្គាល់អង្ករ ដែលទទួលបានពានរង្វាន់អង្ករល្អជាងគេ នៅលើពិភពលោក ទៅកាន់ទីផ្សារអន្តរជាតិនានា»។
សេចក្តីថ្លែងការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានធ្វើឡើងបន្ទាប់ពី សហភាពអឺរ៉ុប កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ បានសម្រេចលើការយកពន្ធរយៈពេល៣ឆ្នាំ ចំពោះអង្ករសម្រិតប្រភេទ Indica ចំនួន៤មុខ ដែលនាំចូលពីប្រទេសកម្ពុជា ក្នុងនោះមានលេខកូដសម្គាល់ 106 3027, 10063048, 1006 30 67 និង 10063098 ប៉ុន្តែអឺរ៉ុបបានលើកលែងចំពោះអង្ករសម្រូប អង្ករបាក់ និងប្រភេទអង្ករផ្សេងទៀតរបស់កម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជា បានចាត់ទុកថា ការសម្រេចដាក់ពន្ធនេះ មានលក្ខណៈឆាប់រហ័សពេក នៅពេលដែលវិស័យស្រូវអង្ករកម្ពុជា ត្រូវការពេលប៉ុន្មានឆ្នាំទៀត ដើម្បីពង្រឹងខ្លួនឱ្យបានរឹងមាំគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង ដោយមិនអាស្រ័យលើការអនុគ្រោះពន្ធបាន។ ការយកពន្ធនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែង និងមានការពិបាកនាំចូលអង្ករពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុប ដោយសារយើងមិនបានត្រៀមខ្លួនពេញលេញ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ផងដែរថា ការសម្រេចដាក់ពន្ធនេះ ជាជំហានថយក្រោយរវាងសហភាពអឺរ៉ុបនិងកម្ពុជា ដែលបានកសាងកន្លងមក ដោយសង្ឃឹមថានឹងអាចដើរទៅមុខបានច្រើនជំហានទៀតក្នុងការសហការនេះ។
ឆ្លៀតក្នុងឱកាសនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជួយគាំទ្រតាមរយៈការទិញអង្ករកម្ពុជា ដើម្បីពង្រីកទីផ្សារក្នុងស្រុក និងជួយគាំទ្រដល់ប្រជាកសិករយើងក៏ដូចជាវិស័យស្រូវអង្ករកម្ពុជាទាំងមូល៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា៖