(កំពង់ធំ)៖ រថយន្តគិលានសង្គ្រោះបន្ទាន់ចំនួន ១គ្រឿង ដែលជារថយន្តទី៣១ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ ត្រូវបានប្រគល់ជូនដល់គិលានដ្ឋាន នៃតំបន់ប្រតិបត្តិកាសឹករង ខេត្តកំពង់ធំ ដើម្បីមានលទ្ធភាពក្នុងការជួយដឹកជញ្ជូនសង្គ្រោះដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋដែលនៅជិតមូលដ្ឋានកងទ័ពផងដែរ។
សម្រាប់ការប្រគល់រថយន្តពេទ្យសង្គ្រោះបន្ទាន់នេះក្រោមវត្តមាន នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ រួមជាមួយអ្នកឧកញ៉ា ជា រតនា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងអស់លោកជាថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ និងសមត្ថកិច្ចពាក់ព័ន្ធ បាននាំយកទៅប្រគល់ជូនដល់គិលានដ្ឋានក្នុងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ។
ជាមួយគ្នានេះដែរនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាគោរព ស្រលាញ់ ដឹងគុណដ៏ជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនយោធិន និងនាយពលទាហាន ក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ នាឱកាសនេះផងដែរ។
នាយឧត្តមសេនីយ៍ ក៏បានសំដែងនូវអំណគុណយ៉ាងអនេកចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាល តែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់កងកម្លាំងប្រដាប់អាវុធ និងប្រជាជនដោយបានឧបត្ថម្ភទាំងស្មារតី សម្ភារថវិកា ដើម្បីជួយដល់ការលើកកម្ពស់ការគាំពារសុខមាលភាពកងទ័ព និងប្រជាជននៅទូរទាំងប្រទេសឱ្យកាន់តែទទួលបានសេវាគាំពារសុខមាលភាពកាន់តែប្រសើរ។ នាយឧត្តមសេនីយ៍ ក៏បានរំលឹកថា បច្ចុប្បន្នមន្ទីរពេទ្យ មណ្ឌលសុខភាព គិលានដ្ឋាន ត្រូវបានរាជរដ្ឋាភិបាលបង្កើតឱ្យមានតាំងពីខេត្ត-ក្រុង ស្រុក-ខណ្ឌ រហូតដល់ឃុំ-សង្កាត់ ចំណែកវិស័យសេវាថែរក្សាសុខភាពឯកជនតាមខេត្តនីមួយៗ ក៏មានច្រើនផងដែរ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏ធ្វើការអំពាវនាវដល់មេបញ្ជាការ មេបញ្ជាការរង នាយ ពលទាហាន ក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំទាំងអស់ ក្រោយទទួលបាននូវរថយន្តគិលានសង្គ្រោះនេះទៅហើយ ត្រូវយកទៅប្រើប្រាស់ប្រកបដោយតម្លាភាព និងការថែរក្សា ហើយរថយន្តគិលានសង្គោះ១គ្រឿង ដែលប្រគល់ជូនគិលានដ្ឋានយោធាខេត្តដាក់ឱ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ ព្រមទាំងផ្តល់ថវិការដល់គិលានដ្ឋានយោធាខេត្តចំនួន ៦លានរៀលផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិកាសឹករងខេត្តកំពង់ធំ ក្នុងនាមនាយទាហាន នាយទាហានរង ពលទាហាន គ្រួសារកងទ័ព និងប្រជាពលរដ្ឋដែលមានភូមិដ្ឋាននៅជិតកន្លែងបោះទ័ព នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់នូវរថយន្តគិលានសង្គ្រោះ ១គ្រឿងជូនដល់គិលានដ្ឋានរបស់តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ដើម្បីមានលទ្ធភាពក្នុងការជួយដឹកជញ្ជូនសង្គ្រោះបន្ទាន់ដល់យុទ្ធជំងឺរបួស អ្នកជំងឺ អ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងតំបន់ភូមិសាស្ត្រគ្រប់គ្រងការពារសន្តិសុខរបស់ខេត្តកំពង់ធំ៕