(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ នៃមន្ទីរ អង្គភាព និងអាជ្ញាធរស្រុក ឃុំពាក់ព័ន្ធ ជាច្រើនរូប។
ក្នុងកិច្ចប្រជុំនេះ លោក ជាវ តាយ បានបញ្ជាក់ថា បញ្ហាដីធ្លីនៅខេត្តកំពតជារឿងដ៏រសើប និងបានក្លាយជាជំងឺរ៉ាំរៃមួយ ដែលបានបន្សល់ទុកតៗគ្នា ពីមួយជំនាន់អភិបាលខេត្តមួយ ទៅអភិបាលខេត្តមួយទៀត ប៉ុន្តែនៅក្នុងអាណត្តិនេះ លោកអភិបាលខេត្ត ជាវ តាយ បានប្តេជ្ញាចិត្តថានឹងដោះស្រាយបញ្ហាដីធ្លីឲ្យចប់ មិនអាចទុកឲ្យក្លាយជាបំណុលនោះទេ។
លោកថា លោកមិនអាចទទួលយកបានទេ ដែលទុកឲ្យបញ្ហាក្លាយជាបំណុល ព្រោះដោះស្រាយមិនបាននោះ ដូច្នេះលោកបានស្នើសុំដល់ អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ក្រុង ស្រុកត្រូវសហការរួមដៃគ្នាដោះស្រាយ ដោយតម្លាភាពនិងដោយយុតិធម៌។
លោកអភិបាលខេត្ត បន្តថា កន្លងមករដ្ឋបាលខេត្តបានដោះស្រាយបញ្ហាដីធ្លីបានមួយចំនួនធំ ដោយផ្អែកលើយុទ្ធសាស្ត្រ ដំណោះស្រាយឈ្នះ-ឈ្នះ ប៉ុន្តែបញ្ហាចាស់ខ្លះចាក់គ្រឹះជ្រៅពេក ធ្វើឲ្យរដ្ឋបាលខេត្ត និងជំនាញត្រូវប្រើពេលស្វែងរក ឬសគល់ និងឬសកែវនៃបញ្ហា ដើម្បីដោះស្រាយឲ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាព និងយុត្តិធម៌។
លោកបានបញ្ជាក់ថានៅក្នុងឆ្នាំ២០១៩នេះ ដោយអនុលោមតាមការណែនាំរបស់សម្តេចតេជោ ឲ្យរដ្ឋបាលខេត្តនីមួយៗ ត្រូវដោះស្រាយបញ្ហាដីធ្លីឲ្យបានចប់ ដូច្នេះរដ្ឋបាលខេត្តកំពត បានប្តេជ្ញាចិត្តថា មិនបណ្តោយឲ្យបញ្ហាដីធ្លីចេះតែកើតឡើង ហើយក្រាស់ទៅៗបានឡើយ ហើយត្រូវរួមសហការគ្នា ដោះស្រាយ។ បើដោះមិនបានទៀត លើកយកមកដាក់ក្នុងកិច្ចប្រជុំចង្អៀត ដើម្បីគណៈកម្មាធិការគ្រប់គ្រង ដីរដ្ឋថ្នាក់ខេត្ត រកវិធីទៅតាមស្ថានភាពជាក់ស្តែង។
នៅក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលខេត្ត ក៏បានអំពាវនាវ ដល់ស្ថាប័ន អង្គភាព មន្ទីរជុំវិញខេត្ត ត្រូវកំណត់ និងចុះបញ្ជីឲ្យបានច្បាស់លាស់ថា ដីដែលជាកម្មសិទ្ធិរបស់រដ្ឋ មាននៅសេសសល់កន្លែងណាខ្លះ ដែលអាចយកមកប្រើប្រាស់ និងត្រៀមទុកជូនប្រជាពលរដ្ឋដែលគ្មានទីលំនៅ ឬក្នុងករណីចាំបាច់ណាមួយ ព្រោះបច្ចុប្បន្នដីខេត្តកំពត កាន់តែឡើងថ្លៃគ្រប់កន្លែង ជនឱកាសនិយម ឬជនមានលុយ មានអំណាចមួយចំនួន អាចបង្កជាបញ្ហាដើម្បីផលប្រយោជន៍ ធ្វើឲ្យបញ្ហាដីធ្លីចេះកើតឡើងមិនឈប់។
ចំណែកមន្ត្រីសុរិយោដី ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត នឹងត្រូវរាយការណ៍ តាមសភាពការណ៍ជាក់ស្តែងប្រសិនបើកន្លែងណាមួយ មិនអាចវាស់វែងបាន កុំឲ្យអ្នកដោះចាំតែដោះ ហើយអ្នកបង្កបញ្ហាននៅតែគគ្លើនដូចគ្រាកន្លងមក៕