(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ តាមរយៈគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត គ្រោងនឹងរៀបចំកម្មវិធីទិវាជាតិ ទីក្រុងស្អាត លើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ» អមជាពិធីប្រគល់ជ័យលាភី ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី៣ និងជ័យលាភីបដិសណ្ឋារកិច្ចល្អ របស់ច្រកទ្វារអន្តរជាតិលើកទី២ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ក្រសួងទេសចរណ៍ បានកំណត់យកថ្ងៃទី២៧ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ជាទិវាជាតិទីក្រុងស្អាត។
ដើម្បីឱ្យទិវាជាតិទីក្រុងស្អាតលើកទី៧ នេះប្រព្រឹត្តឡើង ប្រកបដោយជោគជ័យ និងមានការគាំទ្រចូលរួមពីគ្រប់ភាគីពាក់ព័ន្ធយ៉ាងផុលផុស ពិសេសក្រុង-ខណ្ឌដែលជាជ័យលាភី ក្នុងប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ និងដើម្បីជាការបញ្ជ្រាបការយល់ដឹងអំពីទីក្រុងស្អាតដល់សាធារណជនទូទៅ ឱ្យបានដឹងព្រមទាំងអាចចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៧នេះទាំងអស់គ្នា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ស្នើឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ រៀបចំកម្មវិធីចំនួន២ គឺទី១៖ កម្មវិធីបញ្ជ្រាបការយល់ដឹង និងទី២៖ កម្មវិធីសម្អាតទីក្រុង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងសទេសចរណ៍ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖