(ភ្នំពេញ)៖ ក្រុមហ៊ុន ជីបម៉ុងលែន និងជីបម៉ុងរីថេល បានប្រកាសកិច្ចសហការចាប់ដៃគូ សម្រាប់គម្រោងរួមគ្នារវាងគម្រោងលំនៅឋានរបស់ ជីបម៉ុងលែន និងគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ ជីបម៉ុងរីថេល ក្នុងកម្មវិធីសន្និសីទព័ត៌មាននៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ។
ថ្លែងក្នុងកម្មវិធីសន្និសីទព័ត៌មាន លោក លាង ហេនរី អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានឲ្យដឹងថា «ស្របពេលដែលប្រជាពលរដ្ឋកម្ពុជានិយមរស់នៅក្នុងតំបន់ ដែលមានភាពងាយស្រួល និងទាន់សម័យ យើងយល់កាន់តែច្បាស់ថា ការចាប់ដៃគូជាមួយក្រុមហ៊ុន ជីបម៉ុងរីថេល គឺជាជម្រើសដ៏ល្អបំផុត ក្នុងការនាំយកភាពជឿជាក់ និងភាពទាន់សម័យជូនប្រជាពលរដ្ឋ តាមរយៈការបង្កើតមជ្ឍមណ្ឌលពាណិជ្ជកម្ម ក្នុងបរិវេណគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់ក្រុមហ៊ុន ជីបម៉ុងលែន»។
លោក ម៉ៃខល វ៉ុង នាយកផ្នែកមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអគារពាណិជ្ជកម្ម របស់ជីបម៉ុង រីថេល បានឲ្យដឹងដែរថា ក្រុមហ៊ុនទាំងពីរ នឹងបន្តចាប់គូដៃសហការគ្នា ក្នុងតំបន់ដែលមានសក្តានុពលខ្ពស់ ដើម្បីបង្កើតគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ដែលមានមជ្ឈមណ្ឌលពាណិជ្ជកម្ម ដើម្បីបម្រើតម្រូវការរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ។
គួរជំរាបថា បច្ចុប្បន្នក្រុមហ៊ុន ជីបម៉ុងលែន និងជីបម៉ុង រីថេល បានកំពុងវិនិយោគលើគម្រោងរួមគ្នាចំនួនបីធំៗរួមមាន៖ The Park Land Sensok នៅតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង រិទ្ធី, The Park Land 598 ស្ថិតនៅតាមបណ្ដោយផ្លូវឯកឧត្តមជាសុផារ៉ា និង The Land Mark 271 ដែលស្ថិតនៅផ្លូវ២៧១ផងដែរ៕