(ភ្នំពេញ)៖ របាយការណ៍ពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីស្ថានទូតថៃ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ បានកើតឡើងដល់ជាង៨,៣៨៨លានដុល្លារអាមេរិក កើនឡើង៣៥.៥៥% បើធៀបនឹងឆ្នាំ២០១៧ ដែលមានចំនួន៦,១៨៨លានដុល្លារអាមេរិក។
របាយការណ៍ដដែលបញ្ជាក់ទៀតថា ក្នុងទំហំពាណិជ្ជកម្មជាង៨ពាន់លានដុល្លារនេះ កម្ពុជានាំចេញទៅប្រទេសថៃមានត្រឹមតែ៧៦៧.៩២លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះ១៤.១៤% បើធៀបនឹងឆ្នាំ២០១៧ មានចំនួន៨៩៤.៣៤លានដុល្លារ។ ចំណែកថៃនាំចូលមកកម្ពុជាវិញ មានចំនួនរហូតដល់ ៧,៦២១.០៣លានដុល្លារ កើនឡើង៤៣.៩៤%បើធៀបនឹងឆ្នាំ២០១៧ ដែលមានត្រឹមតែ៥,២៩៤.៤២លានដុល្លារប៉ុណ្ណោះ។
សូមបញ្ជាក់ថា កម្ពុជា និងថៃ គឺជាប្រទេសភូមិផងរបងតែមួយ មានទំនាក់ទំនងពាណិជ្ជកម្មខ្លាំងក្លា ដូចប្រទេសវៀតណាមផងដែរ។ ផលិតផលដែលកម្ពុជា នាំចេញទៅថៃ ភាគច្រើនជាកសិផល រួមមានដូចជា ពោត ដំឡូងមី សណ្តែក ជាដើម ខណៈប្រទេសថៃនាំចូលមក កម្ពុជាវិញ មានដូចជា គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិច ប្រេងឥន្ធនៈ សម្ភារសំណង់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង សម្ភារសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ជាដើម៕