(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោល តាមអំណាចសាលដីកាលេខ ៣៤០ឆ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយបិទផ្លូវតវ៉ា ហើយក្នុងសាលដីកានោះ បានហាមឃាត់ការធ្វើសកម្មភាពនយោបាយអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ១១៨នាក់ផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះគេនៅតែបន្តឃើញ អតីតមន្រ្តីជាន់ខ្ពស់នៃគណបក្សមួយនេះ នៅបន្តប្រើប្រាស់ឈ្មោះ សញ្ញាសម្គាល់ (Logo) និងរចនាសម្ព័ន្ធគ្រប់លំដាប់ថ្នាក់ដដែលដោយមិនញញើតនឹងផ្លូវច្បាប់។
ឆ្លើយតបនឹងទង្វើនេះលោក លឹម ជាវុត្ថា នាយកប្រតិបត្តិនៃអង្គភាពព័ត៌មាន Fresh News បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដើម្បីបញ្ជាក់អំពីទង្វើខុសច្បាប់របស់អតីតមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ។
លោក លឹម ជាវុត្ថា៖ សូមជម្រាបសួរលោក ប្រាក់ សំអឿន តើlលោកអាចបញ្ជាក់បានទេថា ការបន្តប្រើប្រាស់ គ្រប់គ្រង និងដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ( ឈ្មោះ សញ្ញាសម្គាល់ «LOGO» និងរចនាសម្ព័ន្ធគ្រប់លំដាប់ថ្នាក់) ពីសំណាក់អតីតមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សមួយនេះ តើបង្ហាញពីទង្វើល្មើសច្បាប់ឬទេ? ព្រោះថាឈ្មោះអតីតគណបក្សនេះ ត្រូវបានតុលាការកំពូលរំលាយចោល តាមរយៈអំណាចសាលដីកាលេខ៣៤០ឆ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ដោយបិតផ្លូវតវ៉ារួចទៅហើយ?
លោក ប្រាក់ សំអឿន៖ ជាបឋមខ្ញុំសូមអរគុណចំពោះលោកនាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលបានលើកជាសំណួរ ដែលពាក់ព័ន្ធនឹងការបន្តប្រើប្រាស់ គ្រប់គ្រង និងដឹកនាំ អតីតគណបក្សសង្គ្រោះជាតិ (ឈ្មោះ សញ្ញាសម្គាល់ «LOGO» និងរចនាសម្ព័ន្ធគ្រប់លំដាប់ថ្នាក់) ពីសំណាក់អតីតមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សនេះ ជាបន្តបន្ទាប់ ជាពិសេសសេចក្តីប្រកាស ព័ត៌មានស្តីពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅទីក្រុង Lowel សហរដ្ឋអាមេរិក។ ពាក់ព័ន្ធនឹងករណីនេះ ខ្ញុំសូមជម្រាបជូនសាធារណជន ឲ្យបានជ្រាបថា គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោល តាមអំណាចសាលដីកាលេខ ៣៤០ឆ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយបិទផ្លូវតវ៉ា ហើយក្នុងសាលដីកានោះបានហាមឃាត់ការធ្វើសកម្មភាពនយោបាយអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ១១៨នាក់។
នាពេលថ្មីៗនេះ មានព្រះរាជក្រឹត្យផ្តល់នូវនីតិសម្បទាឡើងវិញដល់លោក គង់ គាំ និងលោក គង់ បូរ៉ា ប៉ុន្តែអ្នកដ៏ទៃទៀតនៅតែស្ថិតក្នុងការហាមឃាត់ធ្វើសកម្មភាពនយោបាយ របស់តុលាការកំពូលដដែល។ បន្ទាប់ពីទទួលបានសាលដីកាតុលាការកំពូល ក្រសួងមហាផ្ទៃបានលុបឈ្មោះគណបក្សនេះចេញពីបញ្ជីឈ្មោះគណបក្សនយោបាយ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយរួចហើយ តាំងពីពេលនោះមក។ ចំពោះករណីដែលអតីតថ្នាក់ដឹកនាំ ឬបុគ្គលណាមួយនៅតែបន្តប្រើប្រាស់ គ្រប់គ្រង ឬដឹកនាំគណបក្សនេះបន្តទៀត គឺជាទង្វើប្រព្រឹត្តល្មើសទៅនឹងបទប្បញ្ញត្តិមាត្រា ៤២ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រង់ចំណុចទី២ ដែលចែងថា «បន្តគ្រប់គ្រង ឬដឹកនាំគណបក្សនយោបាយដែលតុលាការ បានសម្រេចរំលាយជាស្ថាពរ»។
ករណីនេះអតីតថ្នាក់ដឹកនាំគណបក្សនេះ ឬបុគ្គលដែលនៅតែបន្តប្រើប្រាស់ គ្រប់គ្រង និងដឹកនាំគណបក្សនេះ អាចនឹងត្រូវពិន័យជាប្រាក់ពី ១០.០០០.០០០ (ដល់លាន)រៀល ដល់ ២០.០០០.០០០(ម្ភៃលាន)រៀល និង/ឬផ្តន្ទាទោសដាក់ពន្ធនាគារពី០១(មួយ)ខែ ដល់ ០១(មួយ)ឆ្នាំ៕