(ភ្នំពេញ)៖ និសិ្សតមកតាមបណ្តាខេត្តជាច្រើននាក់ បានរងគ្រោះអស់ប្រាក់ជាច្រើនម៉ឺនដុល្លារ ដោយសារតែអគ្គនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុនស៊ីអិល មិនគោរពតាមពាក្យសន្យា ហើយបានប្រើល្បិចទុច្ចរិតបោកប្រាស់យកលុយពួកគាត់អស់រាប់ពាន់ដុល្លារក្នុងម្នាក់ៗ ដោយមិនបានចេញទៅប្រទេសជប៉ុន ដូចការសន្យានោះឡើយ។
ជនរងគ្រោះជាច្រើននាក់ បានអស់សង្ឃឹមពេលទៅជួបជាមួយអគ្គនាយក ដើម្បីសុំថវិកាមកវិញ ក៏គ្មានការឆ្លើយតបណាមួយ រួចពួកគេក៏បានពឹងពាក់ទៅមេធាវី និងបានដាក់ពាក្យបណ្តឹងទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឲ្យជួយអន្តរាគមន៍ទៅលើមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុនស៊ីអិល ដែលបានបោកប្រាស់យកលុយរបស់ពួកគេក្នុងម្នាក់ៗអស់រាប់ពាន់ដុល្លារ។
នៅក្នុងពាក្យបណ្តឹងប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជាទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឲ្យជួយអន្តរាគមន៍រឿងខាងលើនេះ ពួកគេប្តឹងឈ្មោះ ឈាង ឆុំ ភេទប្រុស និងឈ្មោះ អ៊ឹង គឹមលាង ភេទស្រី ដែលអ្នកទាំងពីរជាប្ដីប្រពន្ធនឹងគ្នារស់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឆបោកនេះ។
ជនរងគ្រោះជានិសិ្សត បានឲ្យដឹងថា ពួកគេទាំងអស់គ្នាបានបំពេញបែបបទចូលរៀន ដំបូងតម្រូវឲ្យបង់ប្រាក់ចំនួន៣០០ដុល្លារ ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន ហើយបន្ទាប់ពីបានសិក្សា អស់រយៈពេលជាច្រើនខែ ឈ្មោះ ឈាង ឆុំ បានឲ្យជនជាតិជប៉ុនម្នាក់ មកធ្វើកិច្ចសម្ភាសន៍ពួកខ្លួនទាំងអស់គ្នា ដោយអះអាងថា ខ្លួនជានិយោជកនៅប្រទេសជប៉ុន ប៉ុន្តែជាក់ស្តែងជនជាតិជប៉ុនរូបនេះ គ្រាន់តែជាបុគ្គលិកឯកជនមួយប៉ុណ្ណោះ។
ក្រោយមកឈ្មោះ ឈាង ឆុំ បានប្រើឧបាយកលទុច្ចរិត និងបានប្រាប់ពួកខ្លួនជានិសិ្សត ដែលកំពុងសិក្សានៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុនស៊ីអិលខាងលើថា បានជាប់ទៅធ្វើការនៅប្រទេសជប៉ុនហើយ ដោយតម្រូវឲ្យជនរងគ្រោះទាំងអស់បង់ប្រាក់ដើម្បីរៀបចំឯកសារទិដ្ឋាការ (Visa) ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន។
ពេលនោះឈ្មោះ ឈាង ឆុំ បានឲ្យជនរងគ្រោះបង់ប្រាក់ក្នុងម្នាក់ៗ១,៧០០ដុល្លារ និងមានខ្លះទៀតអស់រហូតជិត៥,០០០ដុល្លារ តែលទ្ធផលអ្វីៗទាំងនោះ អត់មានបានប្រយោជន៍អ្វីបន្តិចសោះរងចាំ មួយទៅមួយថៃ្ងរហូតជាច្រើនខែទើបដឹងថា ពួកគេចាញ់បោកអគ្គនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុនស៊ីអិល។
បើតាមប្រភពព័ត៌មានខាងលើ បានឲ្យដឹងថា ឈ្មោះ ឈាង ឆុំ បានដើរតួនាទីខ្លួនឯង ជាអគ្គនាយកផង និងជាប្រធានក្រុមប្រឹក្សាភិបាលផង ហើយពេលក្រសួងការងារ កោះអញ្ជើញមិនដែលឃើញវត្តមានចូលខ្លួននោះទេ ស្រាប់តែលេចមុខអ្នកផ្សេងទៅវិញ។
ប្រភពព័ត៌មានផ្សេងទៀត បានបង្ហើបដែរថា មិនមែនជនរងគ្រោះទើបតែជិត២០នាក់ប៉ុណ្ណោះនោះទេ ដែលចាញ់បោកលោក ឈាង ឆុំ មានជនរងគ្រោះជាច្រើនទៀត ក៏រងគ្រោះបែបនេះដែរ ហើយពួកគេបានសំណូមពរឲ្យ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ មេត្តាជួយពិនិត្យលើទីតាំងមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុនស៊ីអិល ខាងលើនេះផង កុំឲ្យប្រជាពលរដ្ឋក៏ដូចជាក្មួយៗក្រោយទៀតរងគ្រោះ ដូចពួកខ្លួនខាតទាំងពេលវេលា បាត់បង់ទាំងប្រាក់ហើយមិនបានចេញទៅក្រៅប្រទេសទៀត។
ជុំវិញការលើកឡើងរបស់ជនរងគ្រោះ ដែលជានិស្សិតខាងលើនេះ Fresh News មិនទាន់អាចសុំការបំភ្លឺពីភាគី មជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុនស៊ីអិល បាននោះទេ គិតត្រឹមល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ ដោយគ្មានលេខទំនាក់ទំនង៕