(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងស្ដីពី ការបញ្ចៀសចរាចរស្ថិតនៅមុខបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងអំឡុងពិធីអបអរសាទរខួបគម្រប់២០ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ បញ្ជាការដ្ឋានកងទ័ពជើងគោក នឹងប្រារព្ធពិធីខួបគម្រប់២០ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដើម្បីឲ្យពិធីនេះ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ពិសេសកាត់បន្ថយការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផ្អាកចរាចរចំពោះរថយន្តធុនធ្ងន់ មិនឲ្យចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៤ មុខទីតាំងប្រារព្ធពិធីមួយព្រឹក ចាប់ពីម៉ោង០៥៖០០នាទី រហូតដល់ពិធីត្រូវបានបញ្ចប់ ដោយឡែករថយន្តធុនទេសចរណ៍ អាចចរាចរណ៍ជាធម្មតា។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមអនុវត្តតាមខ្លឹមសារជូនដំណឹងខាងលើ។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ៖