(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជម្រុញដល់មន្ត្រីគ្រប់អង្គភាព-ពាក់ព័ន្ធ ក្រុង ស្រុក និងឃុំ សង្កាត់ ទាំងអស់ត្រូវបន្តផ្សព្វផ្សាយកុំឲ្យប្រជាពលរដ្ឋជួលដី នៅតាមបណ្តោយព្រំដែនទៅឲ្យប្រជាពលរដ្ឋ នៃប្រទេសជិតខាងជាដាច់ខាត។
លោក ម៉ែន វិបុល បានណែនាំនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែ មករា ឆ្នាំ២០១៩ និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានា ជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមការងារយុវជន និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តស្វាយរៀងទាំងអស់ ដែលនាពេលកន្លងមកនេះ បានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន រួមចំណែកធ្វើឲ្យខេត្តរក្សាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយបញ្ហា ប្រឈមផ្ដល់ជាប្រយោជន៍ ឆ្លើយតបទៅនឹងសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ទន្ទឹមនេះលោក ម៉ែន វិបុល អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ឲ្យយកចិត្តទុក ដាក់នូវកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
ទី១៖ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព នៅក្នុងខេត្តឲ្យបានល្អប្រសើរ។
ទី២៖ មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក ត្រូវត្រៀមលក្ខណៈក្នុងការថែរក្សាទឹកទុក តាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដែលអាកាសធាតុនឹងចាប់ផ្តើមឡើងកម្តៅចាប់ពីខែ មេសា ដល់ខែឧសភា ឆ្នាំ២០១៩នេះ។
ទី៣៖ មន្ទីរ-អង្គភាព កម្លាំងមានសមត្ថកិច្ច និងរដ្ឋបាលក្រុង ស្រុក ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានតឹងរឹងបំផុត។
ទី៤៖ រដ្ឋបាលក្រុង-ស្រុក ទាំងអស់ត្រូវបន្តខិតខំដោះស្រាយបញ្ហា ដែលកើតមានឡើងនៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ទី៥៖ រដ្ឋបាលក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវត្រៀមលក្ខណៈ រៀបចំវិធានការពង្រឹងថែរក្សាដីរដ្ឋឱ្យមានប្រសិទ្ធភាព៕