(ភ្នំពេញ)៖ អង្គភាពព័ត៌មានអេឡិចត្រូនិក (Online) ល្បីៗនៅក្នុងប្រទេសកម្ពុជាជាច្រើនស្ថាប័ន បានអំពាវនាវដល់អង្គភាពសារព័ត៌មាន និងម្ចាស់គេហទំព័រនានាឲ្យបញ្ឈប់ការលួចចម្លងស្នាដៃនិពន្ធ ឬអត្ថបទព័ត៌មានជាបន្ទាន់។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាដែលធ្វើឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ ម្ចាស់អង្គភាពព័ត៌មាន Online ល្បីៗទាំងនេះ បានលើកឡើងថា រាល់ទម្រង់លួចចម្លងស្នាដៃ គឺជាទង្វើផ្ទុយនឹងច្បាប់កម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា ហើយការលួចចម្លងស្នាដៃ ឬលួចកម្មសិទ្ធិបញ្ញា គឺជាទង្វើក្បត់ឧត្តមគតិ និងសតិសម្បជញ្ញៈវិជ្ជាជីវៈ។

ក្នុងសេចក្តីថ្លែងការណ៍នេះ ក៏បានអំពាវនាវដល់ក្រុមហ៊ុនស្របច្បាប់ និងមានវិជ្ជាជីវៈ ពិចារណាឲ្យបានម៉ត់ចត់ នៅពេលជ្រើសរើសការផ្សាយផលិតផលនៅលើគេហទំព័រព័ត៌មានណាមួយ ហើយពុំគួរធ្វើសហប្រតិបត្តិការជាមួយគេហទំព័រព័ត៌មាន ដែលមិនគោរពវិជ្ជាជីវៈព័ត៌មាន និងចាំតែលួចចម្លងស្នាដៃ និងបញ្ញារបស់អ្នកដទៃនោះឡើយ។

ម្ចាស់អង្គភាពព័ត៌មាន Online ល្បីៗទាំងនេះ ក៏បានអំពាវនាវដល់សាធារណជនចូលរួមប្រឆាំងការលួចចម្លងស្នាដៃ បញ្ញា ដោយច្រានចោល និងឈប់គាំទ្ររាល់គេហទំព័រណា ដែលលួចចម្លងអត្ថបទពីអ្នកដទៃមកធ្វើជារបស់ខ្លួន។

បើទោះជាយ៉ាងអង្គភាពព័ត៌មានល្បីៗទាំងនេះ មិនរារាំងការចែកចាយព័ត៌មានរបស់បុគ្គល ឬស្ថាប័ននានាដែលចែកចាយបន្តព័ត៌មានក្នុងបុព្វហេតុអប់រំ ពោលគឺមិនមែនក្នុងគោលដៅជំនួញព័ត៌មាននោះឡើយ៕