(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ លោក តេង សាមៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានដឹកនាំលោក ចាប សុផាឬទ្ធិ ស្នងការរងខេត្ត ទទួលបន្ទុកកិច្ចការងារ ប្រឆាំងបទល្មើស លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្ត និងមន្ត្រីជំនាញជាច្រើនរូបទៀត ចុះបង្ក្រាបទីតាំងសិប្បកម្មផលិត និងកែច្នៃស្ករត្នោតគ្មានច្បាប់អនុញ្ញាត និងលាយសារធាតុគីមី ស្ថិតនៅភូមិចាន់គីរី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ចាប សុផាឬទ្ធិ បានថ្លែងថា ទីតាំងខាងលើនេះកម្លាំងជំនាញបានធ្វើការស្រាវជ្រាវជាច្រើនថ្ងៃ រហូតឈានមកដល់ការបង្ក្រាប ដោយដកហូតបានវត្ថុតាងមួយចំនួនធំ។
លោកស្នងការរងបន្តថា ម្ចាស់ទីតាំងឈ្មោះ ផៃ សំណាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅតាំងសិប្បកម្មខាងលើ ដកហូតបានវត្ថុតាងរួមមាន៖ ស្ករសចំនួន៩០០គីឡូក្រាម ឆ្នាំងខ្ទះត្នោតសម្រាប់រំងាស់ចំនួន២ ស្ករត្នោតមិនទាន់កែច្នៃចំនួន៣០ការ៉ុង ខ្ទះបំពាក់ម៉ូទ័រវាយស្ករត្នោតចំនួន១ សាច់ជូ ចំនួន៦០០ក្រាម ស្ករត្នោតកែច្នៃរួចចំនួន៥០គីឡូក្រាម និងសំភារៈមួយចំនួនទៀត។
ជាមួយគ្នានេះដែរលោក សាន វិជ្ជាសារ៉ាវុធ ក៏បានបន្ថែមទៀតថា ចំណុចដែលយើងមកឃើញផ្ទាល់ភ្នែក ភស្តុតាងជាក់ស្តែង អង្គហេតុកើតជាបទល្មើស តែយ៉ាងណាមន្ត្រីជំនាញយើង ត្រូវឆ្លងការវិភាគពិនិត្យ និងធាតុផ្សំទាំងឡាយវាមិនដូចគ្នាទេ កាលណាមានធាតុផ្សំអីមួយ ចូលអ្វីទៅមួយទៀត មិនបានឆ្លងការវិភាគរកគុណភាព សុវត្ថិភាពជាក់លាក់ សម្រាប់បញ្ជូនដល់មនុស្សក្នុងការទទួលទាន ទោះបីជាយ៉ាងណាយើងមិនអាចវិភាគ ដោយដៃ នឹងភ្នែកបានទេ ត្រូវតែឆ្លងកាត់មន្ទីរពិសោធន៍។ ចឹងបានយើងយកគំរូ ហើយយកទៅពិនិត្យនៅមន្ទីរពិសោធន៍ ដើម្បីសារធាតុគីមីលក្នុងស្ករត្នោតមានអ្វីខ្លះ?។
ម្ចាស់ទីតាំងសិប្បកម្មផលិតស្ករត្នោតឈ្មោះ ផៃ សំណាង ភេទប្រុស អាយុ២៦ឆ្នាំ បានសារភាពនៅចំពោះមុខសមត្ថកិច្ចចម្រុះថា ខ្លួនបានផលិតស្ករត្នោត ពីខ្មោចឪពុក រយៈពេល៨ឆ្នាំមកហើយ ដោយខ្លួនពុំដឹងថា ការប៉ះពាល់ដល់សុខភាពចំពោះអ្នកទិញទៅទទួលទានដែរ។
ម្ចាស់ទីតាំងបានប្រាប់បន្តថា ស្ករត្នោតកែច្នៃនេះ លាយផ្សំគ្នាចំនួន៤ប្រភេទរួមមាន៖ ទឹកចំនួន១៤គីឡូ ស្ករស៥០គីឡូក្រាម ស្ករត្នោតសុទ្ធចំនួន ១០គីឡូក្រាម និងសាច់ជូរចំនួន១០ក្រាម ទទួលបានកែច្នៃផលិតស្ករត្នោតបានចំនួន៦០-៧០គីឡូក្រាម។
បច្ចុប្បន្ននេះ សមត្ថកិចច្ចជំនាញបានឃាត់ខ្លួនម្ចាស់ទីតាំងសិប្បកម្មខាងលើ ជាបណ្តុះអាសន្ន ដើម្បីយកទៅសួរនាំបន្ថែមទៀត រីឯសំភារៈកែច្នៃ និងទីតាំងត្រូវបានបិទទ្វារ រង់ចាំការស្រាវជ្រាវបន្ថែមទៀត៕