(ភ្នំពេញ)៖ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៣១ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងថា កម្ពុជាជាប្រទេសដែលមានវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់សម្បូរបែប ហើយជាជនជាតិមួយ ដែលមានវ័យចំណាស់ក្នុងតំបន់។
ក្នុងពិធីនោះ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្លងតាមរយៈការសិក្សាស្រាវជ្រាវ ប្រវត្តិសាស្ត្រពីសម័យកាលមួយ ទៅសម័យកាលមួយ យើងអាចសន្និដ្ឋានបានថា កម្ពុជា ជាប្រទេសដែលមានវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់សម្បូរបែប ហើយជាជនជាតិមួយ ដែលមានវ័យចំណាស់ក្នុងតំបន់»។
លោករដ្ឋមន្ដ្រី បន្ដថា «ហេតុនេះ ទើបយើងសង្កេតឃើញថា រាល់សកម្មភាពទាំងឡាយ ក្នុងប្រពៃណីទំនៀមទម្លាប់ តែងតែមានបែបបទជាច្រើន និងបង្កប់ដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។ ចំពោះពិធីកម្មនីមួយៗច្រើន មានសិល្ប៍វិធីអប់រំ ប្រកបដោយទស្សនៈវិជ្ជា។ ដូច្នេះ រាល់ពិធីបុណ្យបែបព្រះពុទ្ធសាសនាក្តី បែបទំនៀមទម្លាប់បុរាណក្តី ចាំបាច់ទាមទា ឲ្យមានអ្នកចេះដឹងនិងអនុវត្តន៍ ឲ្យបានត្រឹមត្រូវ មានគោលការណ៍ឯកភាពមួយ»។
ជាមួយគ្នានោះ លោក ហ៊ឹម ឆែម បានលើកឡើងថា អាចារ្យជាអ្នកដឹកនាំកិច្ច ត្រូវចេះពន្យល់ និងណែនាំអ្នកដទៃ ឲ្យបានដឹងអំពីផ្លូវខុសនិងត្រូវ ហើយត្រូវមានចំណេះដឹងខ្ពស់ និងច្បាស់លាស់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ទើបអាចដឹកនាំកិច្ចក្នុងពិធីកម្មផ្សេងៗ តាមលក្ខណៈប្រពៃណីជាតិខ្មែរបាន។
លោកថា ដូច្នេះក្នុងនាមជាអ្នកដឹកនាំពិធីកម្មផ្សេងៗ អាចារ្យត្រូវធើ្វយ៉ាងណា ឲ្យបានត្រឹមត្រូវតាមក្បួនច្បាប់ពីបុរាណ ដែលដូនតាយើងបានបន្សល់ទុកឲ្យ ហើយការអនុវត្តនោះ ត្រូវឲ្យស្របគ្នាពីតំបន់មួយ ទៅតំបន់មួយ ចៀសវាងការអនុវត្តផ្ទុយគ្នា ដែលបណ្តាលមកពីការអនុវត្តខុសពី ក្បួនច្បាប់ពីបុរាណ និងធ្វើឲ្យមានការចម្លងអនុវត្តខុសតៗគ្នាទៀត។
ទន្ទឹមគ្នានេះ ដើម្បីលើកកំពស់ការពង្រឹង ការប្រតិបត្តិនូវប្រពៃណីទំនៀមទម្លាប់ខ្មែរ ឲ្យបានគត់មត់ ស្របតាមចរន្តហូរចូល នៃសាកលភាវូបនីយកម្ម និងការអភិវឌ្ឍ លើគ្រប់វិស័យ រដ្ឋមន្ត្រីក្រសួងធម្មការ ផ្តល់នូវអនុសាសន៍មួយចំនួន រួមមាន៖
* ទី១៖ អាចារ្យទាំងអស់ត្រូវមានសាមគ្គីភាព កិច្ចសហការ និងទំនាក់ទំនងល្អ ជាមួយនិងគណៈកម្មការវត្ត ចៅអធិការវត្ត ព្រមទាំងព្រះមេគណ ព្រះអនុគណ មន្ទីរធម្មការ និងសាសនារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទមិនប្រកាន់បក្សពួក និងរើសអើងវណ្ណៈសង្គម។
* ទី២៖ ត្រូវខិតខំថែរក្សា និងអភិរក្សនូវកេរ្តិ៍មរតកវប្បធម៌ ព្រះពុទ្ធសាសនា និងប្រពៃណី ទំនៀមទម្លាប់ខ្មែរ ឲ្យស្ថិតស្ថេរគង់វង់ ធ្វើយ៉ាងណារួមគ្នាលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲ្យបានថ្កុំថ្កើងរុងរឿង។
* ទី៣៖ អាចារ្យទាំងអស់ត្រូវគោរព និងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវរាល់លិខិតបទដ្ឋានដែលមានស្រាប់។
* ទី៤៖ ដើម្បីឲ្យស័ក្តសមជាព្រឹទ្ធាចារ្យ ដែលមានបទពិសោធន៍ និងចំណេះដឹងប្រចាំភូមិ ស្រុក សូមអាចារ្យទាំងអស់ ត្រូវប្រកាន់នូវសប្បុរសធម៌ទាំង៧ ឲ្យបានខ្ជាប់ខ្ជួន។
* ទី៥៖ អាចារ្យត្រូវបន្តពង្រឹងចំណេះដឹងរបស់ខ្លួន ខិតខំស្រាវជ្រាវគម្ពីរដីការ ក្បួនច្បាប់ របៀបមង្គល និងបុណ្យផ្សេងៗ បន្ថែមទៀត ហើយចងក្រងទុកជាឯកសារ ដើម្បីរួមចំណែកក្នុងការកសាង ឯកសារគោលរបស់ក្រសួងធម្មការ និងសាសនា ឲ្យកាន់តែមានមូលដ្ឋានច្បាស់លាស់ និងទទួលយកបានទាំងអស់គ្នា បន្សល់ទុកជាប្រយោជន៍សម្រាប់បច្ឆាជន។
* ទី៦៖ ដោយអាចារ្យដើរតួនាទីជាព្រឹទ្ធាចារ្យ ប្រចាំ ស្រុក ភូមិរបស់ខ្លួននោះ អាចារ្យត្រូវជាគំរូក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ច្បាប់ ទម្លាប់ សីលធម៌ សុជីវធម៌ ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងឈានមុខក្នុងការ ចូលរួមចំណែកអភិវឌ្ឍសង្គម ដើម្បីបង្ហាញជាគម្រូល្អ ដល់យុវជនជំនាន់ក្រោយរបស់យើង។
* ទី៧៖ ដើម្បីឲ្យប្រជាពលរដ្ឋគោរព ក្នុងឋានៈជាចាស់ព្រឹទ្ធាចារ្យ អាចារ្យទាំងអស់ត្រូវគោរពតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ ឲ្យបានត្រឹមត្រូវតាមក្បួនតម្រា ដើម្បីដឹកនាំកិច្ចរបៀបមង្គល និងបុណ្យផ្សេងៗ ដោយឈរលើមូលដ្ឋានច្បាប់ទម្លាប់ និងភាពប្រាកដប្រជា៕