(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យអាងស្តុបទឹកទំនប់ជណ្ដើរកាច់ ស្ថិតនៅក្នុងឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានប្រវែង២៦០០ម៉ែត្រ និងមានលទ្ធភាពក្នុងការស្រោចស្រពលើផ្ទៃដីស្រែ និងដំណាំរួមផ្សំរបស់បងប្អូន ប្រជាកសិករនៅក្នុងភូមិសាស្រ្តនេះ បានជាង២០០០ ហិចតា។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត និងក្រុមការងារជំនាញ ក៏បានពិនិត្យមើលបច្ចេកទេសដាំបន្លែរបស់ប្រជាកសិករ ដាំ ដំណាំត្រកួន តាមបែបធម្មជាតិផងដែរ ដោយលោកអភិបាល បានស្នើឲ្យបងប្អូនប្រជាកសិករ បន្តខិតខំយកចិត្តទុកដាក់ដាំ ដំណាំបន្តទៀត ដើម្បីបង្កើនប្រាក់ចំណូល កាត់បន្ថយការនាំចូលពីប្រទេសជិតខាង ជាពិសេសត្រូវដាំដុះស្របតាមបច្ចេកទេសធម្មជាតិ មិនប៉ះពាល់ដល់សុខភាពអ្នកទទួលទានផងដែរ។
ថ្លែងដោយសង្កត់ធ្ងន់ទៅកាន់ប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា នារដូវប្រាំងខាងមុខ បងប្អូនប្រជាពលរដ្ឋទាំងអស់ខិតខំរក្សាទឹកនៅត្រពាំង បឹងបួរឲ្យបានចាំបាច់ ដោយតែស្ថានភាពអាកាសធាតុគ្រោះរាំងស្ងួត ដូច្នេះសូមអាជ្ញាធរមូលដ្ឋានទាំងអស់ និងបងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នារក្សាទុកទឹក ដើម្បីស្រោចស្រពស្រូវដំណាំ។
សូមបញ្ជាក់ថា នៅរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។ រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់។
តាមរយៈសារាចរនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៣ ដើម្បីទប់ទល់ជាមួយបញ្ហានេះ។ វិធានការទាំង៣នោះរួមមាន៖
១. ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩នេះ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួន ដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។
២. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ។
៣. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋដោយគ្រោះធម្មជាតិនានាដូចជាខ្យល់កន្ត្រាក់ជាដើម៕