(ភ្នំពេញ)៖ សាកលវិទ្យាល័យចំនាស់មួយរបស់កម្ពុជា គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) តំណាងឲ្យប្រទេសកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ «ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ ក្រោមនវានុវត្តន៍របស់យុវជន ស្តីពី អភិបាលកិច្ច និងការអភិវឌ្ឍមេគង្គ-ឡានឆាងលើកទី៤» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៦ខែមករា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ការរៀបចំ «ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រក្រោមនវានុវត្តន៍ របស់យុវជន ស្តីពីអភិបាលកិច្ច និងការអភិវឌ្ឍមេគង្គ-ឡានឆាងលើកទី៤»គឺដើម្បីជាការបង្កើនបន្ថែមនូវទំនាក់ទំនងកាន់តែស្អិតរមួត។
ពិធីនេះមានការចូលរួមពី លោក ពិត ចំណាន រដ្ឋមន្ត្រីស្តីទី នៃក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងអង្គភាពក្រោមក្រសួងអប់រំ យុវជន និងកីឡា-តំណាងស្ថានទូត នៃប្រទេសចិន វៀតណាម ថៃ ឡាវ និងភូមាប្រចាំកម្ពុជា-ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងអង្គភាពពាក់ព័ន្ធ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ អ្នកជំនាញជាតិ-អន្តរជាតិ និងនិស្សិតនៃបណ្តាប្រទេសនៅតាមដងទន្លេមេគង្គ។
ថ្លែងនៅក្នុងឱកាសនោះ លោក ពិត ចំណាន បានលើកឡើងថា កម្ពុជាពិតជាមានមោទនភាពណាស់ ដែលបានក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធី «ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រក្រោមនវានុវត្តន៍ របស់យុវជនស្តីពីអភិបាលកិច្ច និងការអភិវឌ្ឍ មេគង្គ-ឡានឆាងលើកទី៤»។ លោកថា នេះអាចជាឱកាសមួយសម្រាប់និស្សិតកម្ពុជា ក៏ដូចជាឱកាសសម្រាប់បណ្តាប្រទេស មេគង្គ ឡានឆាង បានទំនាក់ទំនងគ្នាទៅវិញទៅមក ក្នុងការស្រាវជ្រាវ សហការគ្នា ឈានទៅរកការអភិវឌ្ឍនៅសម័យកាលនេះ។
លោក ពិត ចំណាន បន្តថា នេះគឺជាដំណាក់កាលមួយដែលទាមទារឲ្យបណ្តាប្រទេស មេគង្គ-ឡានឆាង កាន់តែមានពេលជិតស្និទនឹងគ្នា ឈានទៅអភិវឌ្ឍន៍ប្រទេស ដែលនៅតាមបណ្តាដងទន្លេមេគង្គ ឲ្យកាន់តែរីកចម្រើន។ លោកបានបន្ថែមថា កម្មវិធីនេះ មានសារៈសំខាន់ណាស់ សម្រាប់យុវជនកម្ពុជា ក្នុងការពង្រឹងចំណេះដឹងបន្ថែមពីប្រទេសចិន ជាពិសេសផ្នែកបច្ចេកវិទ្យា ពីព្រោះថា ប្រទេសចិន ជាប្រទេសមួយ ដែលកំពុងតែ មានការរីកចម្រើនខ្លាំង លើផ្នែកបច្ចេកវិទ្យា ហើយក៏មានការទទួលស្គាល់ពីបណ្តាប្រទេស នៅលើពិភពលោកផងដែរ។
ជាមួយគ្នានោះ តំណាងឲ្យរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ពិត ចំណាន បេ្តជ្ញាថា នឹងនៅតែបន្ត គាំទ្រ និងសហការជាមួយបណ្តាប្រទេសនៅតាមដងទន្លេមេគង្គ-ឡានឆាង ថែមទៀតនាថ្ងៃអនាគត។
លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាភូមិន្ទភ្នំពេញ (RUPP) បានលើកឡើងថា ទន្លេមេគង្គ-ឡានឆាង ពិតជាមានសារៈសំខាន់ណាស់នៅក្នុងតំបន់អាស៊ី និងជាប្រភពនៃសក្តានុពលសម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរវប្បធម៌ និងការអប់រំរវាងប្រទេសទាំង ៦ ខាងលើ ដែលតម្រូវឱ្យមានការការពារគ្រប់គ្រង អភិបាលកិច្ច និងអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ទន្លេមេគង្គ ។
លោក ជេត ជាលី បានបន្តថា នៅក្នុងបរិបទនៃនិន្នាការសកលភាវូបនីយកម្ម ប្រធានបទស្តីពី «ការប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័តក្រោមនវានុវត្តន៍របស់យុវជនស្តីពីអភិបាលកិច្ច និងការអភិវឌ្ឍមេគង្គ-ឡានឆាងលើកទី៤» មានអត្ថប្រយោជន៍ ចំពោះនិស្សិត ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាដោយផ្តល់នូវចំណេះដឹងក្នុងការការពារ គ្រប់គ្រង អភិបាលកិច្ច និងការអភិវឌ្ឍតំបន់ទន្លេមេគង្គប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យក្នុងតំបន់ និងសកលលោក ។
សាកលវិទ្យាធិការនៃសាកលវិទ្យាភូមិន្ទភ្នំពេញដដែលបានលើកឡើងថា ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា នៃប្រទេសចិន ដែលបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធីនេះប្រកបដោយផ្លែផ្កានៅទីក្រុងណាននីង ខេត្តក្វាងស៊ី និងទីក្រុងយុស៊ូ ខេត្តឈឹងហាយ កាលពីឆ្នាំ២០១៦-២០១៧ ដោយមាននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន១៨នាក់បានចូលរួម។
បន្ថែមពីលើនេះ លោកស្រី JIAO YANG អគ្គលេខាធិការនៃសាកលវិទ្យាល័យចិនឈ្មោះថា «FUDAN University» បានលើកឡើងថា លោកស្រី ពិតមានសប្បាយរីករាយដែលបានចូលរួមសហការជាមួយបណ្តាប្រទេសមេគង្គ-ឡានឆាង និងបានរៀបចំ«ការប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័តក្រោមនវានុវត្តន៍របស់យុវជនស្តីពីអភិបាលកិច្ច និងការអភិវឌ្ឍ មេគង្គ-ឡានឆាង ជោគជ័យជាបន្តបន្ទាប់។ លោកស្រី JIAO YANG បានឲ្យដឹងទៀតថា ការរៀបចំកម្មវិធីនេះឡើង គឺពិតជាមានសារៈសំខាន់ខ្លាំងណស់សម្រាប់បណ្តាប្រទេស មេគង្គ-ឡានឆាង ពីព្រោះថា នេះជាការបើកចំហកិច្ចសហប្រតិបត្តិការឲ្យគ្នាទៅវិញទៅមក ក្នុងការទំនាក់ទំនងល្អនឹងគ្នា។
គួរបញ្ជាក់ថា នេះគឺជាឆ្នាំទី៤ហើយ ដែលបណ្តាប្រទេសមេគង្គ-ឡានឆាង រួមមានចិន ឡាវ ភូមា ថៃ កម្ពុជា វៀតណាម បានរៀបចំ «ការប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័តក្រោមនវានុវត្តន៍របស់យុវជនស្តីពីអភិបាលកិច្ច និងការអភិវឌ្ឍ មេគង្គ-ឡានឆាងលើកទី៤»។ ហើយនេះជាឆ្នាំទី១សម្រាប់កម្ពុជា ដែលបានក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះផងដែរ៕