(ភ្នំពេញ​)៖ សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសវនការនៅពេលក្រោយទៀតដោយមិនកំណត់ លើសំណុំរឿង អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ និងបក្ខពួក ពាក់ព័ន្ធនឹងឃាតកម្មដ៏កក្រើក លើស្ត្រីមេម៉ាយកូន៣ (អ្នកនាង ចេវ សុវឌ្ឍនា) នៅខេត្តតាកែវ កាលពីឆ្នាំមុន។

សវនាការនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ ដឹកនាំដោយលោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សា ចៅក្រមជំនុំជម្រះ ហើយដោយមានលោកព្រះរាជអាជ្ញារង លោក ប្លង់ សុផល ជាតំណាងអយ្យការ។

មុនតុលាការប្រកាសលើកយកសំណុំរឿងនេះ ទៅបន្តជម្រះនៅពេលក្រោយ គឺក្នុងសវនាការ ជនត្រូវចោទ ឡាយ វណ្ណៈ បានសារភាពថា ខ្លួនបានស្គាល់គ្នាបានជិត១ខែ ហើយបានរួមរស់ស្នេហាជាមួយនាង ចេវ សុវឌ្ឍនា ដែលជាស្រីមេម៉ាយកូន៣ បានសម្រេចដូចបំណង ក្នុងនាមគូស្នេហ៍ស៊ីជម្រៅ។

នៅក្នុងសវនាការសួរដេញដោល ជនត្រូវចោទ ឡាយ វណ្ណៈ បានរៀបរាប់ថា នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ មុននាងស្លាប់១ថ្ងៃ ខ្លួនបានប៉ះសម្តីគ្នា ជាមួយជនរងគ្រោះ ព្រោះរឿងប្រច័ណ្ឌ ថាខ្លួនមានស្រីក្រៅ ហើយនៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ដែលជាថ្ងៃកើតហេតុ ជនត្រូវចោទ ឡាយ វណ្ណៈ បានទៅជួបជនរងគ្រោះ នៅផ្ទះដែលខ្លួនជួលឱ្យស្នាក់នៅ ហើយពេលនោះ ឡាយ វណ្ណៈ និងជនរងគ្រោះ បានឈ្លោះគ្នា ព្រោះតែនាងប្រច័ណ្ឌរឿងមានស្រីផ្សេងទៀត និងសុំឱ្យ ឡាយ វណ្ណៈ យកនាងធ្វើប្រពន្ធទី២ ដោយបើកចំហថែមទៀតផង។

ដោយសារតែនិយាយគ្នាមិនត្រូវ ទើបជនជាប់ចោទជិះឡានចេញពីផ្ទះនោះ ទៅពិនិត្យការងារសួននៅក្បែរវិមានឯករាជ្យ ក្នុងខេត្តតាកែវ ដែលពេលនោះនាង ចាន់រី អ្នកបម្រើជនរងគ្រោះ បានទូរស័ព្ទប្រាប់ខ្លួនថា ជនរងគ្រោះយកកាំបិត អារដៃ សុំឱ្យខ្លួនទៅមើលវិញ។ ដោយសារខឹងជនរងគ្រោះពេក លោកបាននិយាយតបតាមទូរស័ព្ទទៅនាង ចាន់រី ថា «បើវាចង់ងាប់ ឱ្យវាងាប់ទៅ ជារឿងរបស់វា។ អញមានការងារអញត្រូវធ្វើ»។

លុះព្រលប់បន្តិចនាង ចាន់រី បានហៅទូរស័ព្ទមកម្តងទៀតថា ជនរងគ្រោះ បានចងកសម្លាប់ខ្លួនហើយ ទើបខ្លួនប្រើតៃកុងឡានឈ្មោះ ម៉េន សាម៉ៃ ឱ្យទៅមើល និងហៅទូរស័ព្ទប្រាប់មកវិញថា នាងពិតជាចងកស្លាប់មែន។ ឡាយ វណ្ណៈ បានបញ្ជាក់ទៀតថា ខ្លួនបានផ្តល់ដំណឹងនេះ ហើយក៏ហៅទូរស័ព្ទទៅ ឡាយ ណារិទ្ធ ជាបងប្រុស និងជាស្នងការរង ឱ្យទៅជួយមើលកន្លែងកើតហេតុ។

​គួររំលឹកថា លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៨ បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និងបក្ខពួក​៣​នាក់​ទៀត ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត ត្រូវបាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ ព្រោះ​មិន​ជាប់​ពាក់ព័ន្ធ​។​

​ជនសង្ស័យ​ត្រូវ​ចោទ​ទាំង​៤​នាក់ ​រួមមាន​ទី​១៖ លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ​, ទី​២៖ លោក ឡាយ ណា​រិទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ​, ទី​៣៖​ ឈ្មោះ ម៉េន សា​ម៉ៃ អ្នក​បើក​ឡាន​ឱ្យ​លោក ឡាយ វណ្ណៈ និង​ទី​៤៖ ឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបម្រើនៅ​ផ្ទះ​នាង ចេវ សុ​វឌ្ឍនា​។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត​ត្រូវបាន​អនុញ្ញាត​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​មានឈ្មោះ ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើក​ឡាន​ឱ្យ​លោក ឡាយ ណា​រិទ្ធ​។​

​ប្រភពពី​តុលាការ​បាន​បញ្ជាក់ថា​លោក ឡាយ វណ្ណៈ អាយុ​៤៥​ឆ្នាំ និងលោក ឡាយ ណា​រិទ្ធ អាយុ​៤៦​ឆ្នាំ ជាប់​ចោទប្រកាន់​ពីបទ​ឃាតកម្ម ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ឈ្មោះ ម៉េន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និងឈ្មោះ ជឹម វុ​ធ ហៅ​ថូត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជាប់​ចោទប្រកាន់​ពីបទ​លាក់​បំបាំង​តម្រុយ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ តាម​មាត្រា​៥៣២ នៃ​ក្រម​ព្រហ្មទណ្ឌ​៕