(ភ្នំពេញ)៖ ថៃបន្ដខិតខំប្រឹងប្រែងផ្សព្វផ្សាយ ផលិតផលរបស់ខ្លួននៅកម្ពុជា ដោយគ្រោងនឹងរៀបចំការតាំងពិព័រណ៍ពាណិជ្ជកម្មថៃ ថប់ថៃប្រេនដ៍ ប្រចាំឆ្នាំ២០១៩ រយៈពេល៤ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ពិព័រណ៍ថប់ថៃប្រេនដ៍ប្រចាំឆ្នាំ២០១៩នេះ នឹងរៀបចំឡើងចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង០៩៖០០នាទីយប់ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍នេះមានការតាំងបង្ហាញ ទំនិញម៉ាកល្បីៗពីប្រទេសថៃជាច្រើនប្រភេទ និងតម្លៃពិសេសផងដែរ។
ស្ថានតំណាងពាណិជ្ជកម្មថៃនេះឲ្យដឹងថា ពិព័រណ៍នេះនឹងមានការចូលរួមពីប្រជាពលរដ្ឋកម្ពុជា យ៉ាងច្រើនកុះករផងដែរ។ ពិសេសជាងនេះទៀតនោះអាជីវករកម្ពុជា នឹងអាចជ្រើសរើសយកទំនិញថៃម៉ាកល្បីៗ និងធ្វើជាតំណាងចែកចាយផងដែរ។
សូមជម្រាបថា ពិព័រណ៍ពាណិជ្ជកម្មនេះនឹងមានការប្រគុំតន្ដ្រីដ៏ធំដែលមានតារាចម្រៀង និងតារាកំប្លែងល្បីៗមកសម្ដែងជូនទស្សនាផងដែរ៕