Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ដូរីន ឆិន ត្រូវបានតែងតាំងជាសហមេធាវីបរទេសថ្មី តំណាងលោក នួន ជា ក្នុងសំណុំរឿង០០២/០២

23-01-2019 15:02

(ភ្នំពេញ)៖ ​​អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា អង្គភាពគាំពារការការពារក្តី (​អ.គ.ក​) នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (​អ.វ.ត.ក​) បានចាត់តាំងលោកស្រី ដូរីន ឆិន (Doreen Chen) ជនជាតិអូស្រ្តាលី ឲ្យធ្វើជាសហមេធាវីបរទេសថ្មី តំណាងលោក នួន ជា ក្នុងសំណុំរឿង​០០២/០២។

លោកស្រី ដូរីន ឆិន ជាមេធាវីជំនាញផ្នែកសិទ្ធិមនុស្ស ដែលបានបម្រើការងារជាទីប្រឹក្សាច្បាប់ជាន់ខ្ពស់របស់លោក នួន ជា នៅ​អ.វ.ត.ក ពីឆ្នាំ២០១៤ ដល់​ឆ្នាំ២០១៨​។

ការប្រកបវិជ្ជាជីវៈផ្នែកច្បាប់ជាក់ស្តែងដ៏ទូលំទូលាយរបស់លោកស្រី ដូរីន ឆិន គឺផ្តោតលើការធ្វើជាតំណាងឲ្យអ្នកការពារសិទ្ធិមនុស្ស ដែលរងការធ្វើទុក្ខបុកម្នេញ និងសហគមន៍ ដែលងាយរងគ្រោះនៅទ្វីបអាស៊ី រួមទាំងនៅចំពោះមុខផ្នែកយន្តការសិទ្ធិមនុស្សរបស់ អ.ស.ប និងបំពេញមុខងារជារដ្ឋអាជ្ញានាំមុខ (Lead Prosecutor) នៅតុលាការប្រជាជនអចិន្រ្តៃយ៍ស្តីពីប្រទេសភូមា។

លោកស្រីក៏ជាសហស្ថាបនិក និងសហនាយកដឹកនាំអង្គការក្រៅរដ្ឋាភិបាល ស្តីពីគោលដៅយុត្តិធម៌ ដែលបម្រើកិច្ចការផ្នែកនីតិរដ្ឋ សិទ្ធិទទួលបានយុត្តិធម៌ និងសិទ្ធិទទួលបានព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ព្រមទាំងកិច្ចការផ្សេងៗទៀត និងជាមន្រ្តីសម្របសម្រួលផ្នែកច្បាប់អន្តរជាតិ ជាមួយសម្ព័ន្ធសេរី ជនជាតិរ៉ូហ៊ីងយ៉ា។ ក្នុងចំណោមភារកិច្ចជាច្រើនទៀត លោកស្រី ដូរីន ឆិន ក៏ធ្លាប់បំពេញកិច្ចការផ្នែកពិគ្រោះយោបល់ឲ្យការិយាល័យសិទ្ធិមនុស្ស អ.ស.ប រួមទាំងបានជួយរៀបចំសេចក្តីពន្យល់នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា លើកទីមួយ។

លោកស្រី​​ធ្លាប់បានបង្រៀនច្បាប់អន្តរជាតិ សិទ្ធិមនុស្ស និងវិទ្យាសាស្រ្តនយោបាយ នៅតាមសាកលវិទ្យាល័យនានានៅប្រទេសកម្ពុជា ប្រទេសបារាំង និងប្រទេសអូស្រ្តាលីផងដែរ។ លោកស្រី ដូរីន ឆិន ទទួលបានសញ្ញាប័ត្រ LL.M ពីសាកលវិទ្យាល័យកូឡំប៊ី នៅក្នុងទីក្រុងញូវយ៉ក និងបានទទួលការអនុញ្ញាត ឲ្យបំពេញការងារនៅតុលាការកំពូល នៃរដ្ឋ New South Wales ក្នុងប្រទេសអូស្រ្តាលី។

លោកស្រី ដូរីន ឆិន នឹងបំពេញភារកិច្ចរួមគ្នា ជាមួយសហមេធាវីជាតិលោក សុន អរុណ ដើម្បីធ្វើជាតំណាងលោក នួន ជា នៅចំពោះមុខ អ.វ.ត.ក។ ចំពោះការចាត់តាំងនេះ អ.គ.ក បានពិចារណាដល់ការយល់ព្រមទទួលយកពីសំណាក់លោក នួន ជា និងការលះបង់សិទ្ធិលើទំនាស់ផលប្រយោជន៍ ដែលអាចយកមកអនុវត្តបាន៕