(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា នៅខែកុម្ភៈខាងមុខនេះ នឹងមានការបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យខេត្តត្បូងឃ្មុំមួយទៀត ដែលជាជំនួយឥតសំណងរបស់ចិន ហើយនេះ គឺជាការខិតខំប្រឹងប្រែងមួយដ៏អស្ចារ្យ និងជាសមិទ្ធផលយ៉ាងល្អ ដែលមានទាំងមន្ទីរពេទ្យធំ សម្រាប់ជួយប្រជាពលរដ្ឋទាំង នៅក្នុងរាជធានីភ្នំពេញ និងនៅតាមទីរួមខេត្ត។
លោក ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ជាអគារថ្មីនៃមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីក្រសួងសុខាភិបាល វិស្វករសាងសង់មន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រួមទាំងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកុសុមៈ ជាច្រើនរូបផងដែរ។
លោក ម៉ម ប៊ុនហេង បានថ្លែងថា បើតាមការពិនិត្យមើលទៅលើការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រុមហ៊ុនសាងសង់របស់ចិន បានធ្វើហើយលឿនជាងការកំណត់ រហូតដល់១ខែកន្លះ គឺភាគីចិនបានធ្វើការងារនេះលឿនណាស់ ហើយក្រៅពីនោះខាងក្រុមហ៊ុនសាងសង់ចិន មិនបានសំណូមពរអ្វីទៀតនោះទេ គឺពួកគេពេញចិត្តនឹងសហប្រតិបត្តិការ និងបានប្តេជ្ញាចិត្តនឹងសាងសង់ឱ្យបានលឿនជាងនេះទៀត ដើម្បីឆាប់បានបំរើក្នុងការព្យាបាល ជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
លោករដ្ឋមន្ត្រីបានថ្លែងបន្តថា គិតមកដល់ដើមឆ្នាំ២០១៩នេះ ចិនបានផ្តល់ជំនួយដល់វិស័យសុខាភិបាលដូចជា ក្រសួងសុខាភិបាលបានទទួលរថយន្តគ្លីនិចចល័ត បានគ្រប់ចំនួន៤០គ្រឿងរួចហើយ ហើយលើកមុនបានទទួល រថយន្តសង្គ្រោះបន្ទាន់២០០គ្រឿង និងម៉ាស៊ីអេកូសាស្ត្រ២០០គ្រឿង ហើយនៅខែកុម្ភៈខាងមុខនេះ នឹងមានការបញ្ចុះបឋមសិលា សាងសង់អគារមន្ទីពេទ្យខេត្តត្បូងឃ្មុំមួយទៀត ដែលជាជំនួយឥតសំណងរបស់ភាគីចិន ដែលនេះ គឺជាការខិតខំប្រឹងប្រែងមួយដ៏អស្ចារ្យ និងជាសមិទ្ធផលយ៉ាងល្អ ដែលមានទាំងមន្ទីរពេទ្យធំ សម្រាប់ជួយប្រជាពលរដ្ឋទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមទីរួមខេត្តផងដែរ។
លោករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើទៅប្រជាពលរដ្ឋខ្មែរទាំងអស់ នាឱកាសចូលឆ្នាំចិន ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗនេះ សូមធ្វើដំណើរទាំងទៅស្រុកកំណើត និងទៅដំណើរកំសាន្តនានា សូមមានការប្រុងប្រយ័ត្នពីបញ្ហាចរាចរណ៍ ធ្វើយ៉ាងណាឱ្យមានសុវត្ថិភាពភាពចំពោះខ្លួនឯង ពីព្រោះតែគ្រោះថ្នាក់ចររាចរណ៍នេះ ជាមូលហេតុធំនៃការបាត់បង់ជីវិត ពិការភាព បាត់បង់សេដ្ឋកិច្ចនៅក្នុងគ្រួសារ និងប្រទេសជាតិរបស់យើង ដូចនេះត្រូវតែចូលរួមគោរពច្បាប់ចររាចរណ៍ ឱ្យបានទាំងអស់គ្នាផងដែរ៕