(ភ្នំពេញ)៖ នៅយប់​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចក្រុមទី១ តាមបណ្ដោយផ្លូវរថភ្លើង ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ កម្លាំងនគរបាលខណ្ឌ បានតាមឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធជាមួយករណីជួញដូរគ្រឿងញៀន និងដកហូត​ថ្នាំបាន​៥កញ្ចប់។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលបង្ក្រាបមានឈ្មោះ ប្រាជ្ញ ប្រាំង ​អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ក្នុងក្រុមទី៩ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ មន្ត្រីនគរបាលដដែលបានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ​ធ្វើឡើងក្រោមការស្រាវជ្រាវ សហការរវាងនគរបាលប៉ុស្ដិ៍ និងខណ្ឌ ដើម្បីកំណត់មុខសញ្ញាធ្វើសកម្មភាពចរាចរ​ថ្នាំញៀននៅពេលរាត្រី ដើម្បីពួនស្ទាក់បង្ក្រាបតែម្ដង។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងថ្នាំញៀន ត្រូវបាននាំមកបន្តឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ​ចាត់ការតាមនីតិវិធី៕​