(ភ្នំពេញ)៖ ចាស់ជរាគ្មានទីពឹង ចំនួន៤គ្រួសារ ដែលត្រូវបានគេរាយការណ៍មកថា កំពុងរស់នៅជួបការខ្វះខាត ទាំងមុខក្រោយ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បានទទួលការជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនពី កាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ។
ការយកអំណោយប្រគល់ចាស់ជរាគ្មានទីពឹងខាងលើនេះ ធ្វើឡើយដោយលោកស្រី អាន ផល្លា ជាពិសី និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអនុគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខណ្ឌ។
ដៃលើកប្រណមនៅចំពោះមុខចាស់ជរា លោកស្រី អាន ផល្លា ជាពិសី បានថ្លែងថា ចំពោះដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំយកមកឧបត្ថម្ភជូននាពេលនេះ ជំនួសមុខឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិ ត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
អំណោយដែលមានជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទាំងនេះដែរ គឺសម្រាប់ចែកជូនចំពោះ តែប្រជាពលរដ្ឋក្រីក្រ ដូចជាជនគ្មានទីពឹង ជនចាស់ជរា អ្នកកើតជំងឺរ៉ាំរៃផ្សេងៗ ពោលគឺជាជនងាយរងគ្រោះ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបានដោយមិនប្រកាន់ពូជសាស ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ តាមរយៈអាជ្ញាធរខណ្ឌ រហូតមកដល់សង្កាត់ និងភូមិ ពីព្រោះសុខទុករបស់ប្រជាពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៕