(ភ្នំពេញ)៖ យុវជនម្នាក់ ជាជាងជួសជុលរថយន្តបានជិះម៉ូតូមួយគ្រឿង ទៅទិញគ្រឿងបន្លាស់រថយន្ត ហើយក៏ចតម៉ូតទុកដោយមិនបានដកសោចេញ រួចក៏ដើរចូលទៅក្នុង ភ្លាមៗនោះ ក៏មានយុវជនអនាថាម្នាក់ដើរមកដល់ ក៏ជិះម៉ូតូយកទៅបាត់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយក៏នាំគ្នាដេញតាមចាប់ជាមួយសមត្ថកិច្ច។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ២៥ ផ្លូវ២៣៧ ក្រុម៣១ ភូមិ៧ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើដែលកម្លាំងសម្ថតកិច្ចឃាត់ខ្លួន មានឈ្មោះ តាំង រតនៈ ភេទប្រុស អាយុ២០ឆ្នាំ ជាជនអនាថា ស្នាក់មិនពិតប្រាកដ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ដេ វិត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។
តាមសម្តីរបស់ជនរងគ្រោះបានប្រាប់ឲ្យភ្នាក់ងារ Fresh News ដឹងថា នៅមុនពេលកើតខ្លួនបានជិះម៉ូតូ មួយគ្រឿង ម៉ាកធូដេ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1DB-7317 ដោយជិះចេញពីកន្លែងធ្វើរថយន្ត ដើម្បីទៅទិញគ្រឿងបន្លាស់នៅម្ដុំផ្លូវ២៣៧។ ពេលទៅដល់ក៏បានឈប់ម៉ូតូ ដោយមិនបានដកសោរចេញពីលើម៉ូតូឡើយ រួចក៏បានដើរចូលទៅក្នុង។
ក្រោយមកស្រាប់តែមានជនអនាថាម្នាក់ បានដើរមកដល់ហើយក៏ឡើងលើម៉ូតូជិះចេញទៅបាត់។ ភ្លាមៗនោះ ជនរងគ្រោះបានឃើញ ក៏ស្រែកផ្អើលឆោឡោថាមានចោរលួចម៉ូតូ ក៏រត់ដេញតាមពីក្រោយ ខណៈនោះ ក៏មានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកជិះល្បាត ក៏ដេញតាមឃាត់ខ្លួនជនសង្ស័យខាងលើ បាននៅចំណុចផ្លូវ២៣០ ហើយក៏យកមកអធិការខណ្ឌ ដើម្បីសាកសួរ។
សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យខាងលើជាជនអនាថា ដែលដើរដេកតាមសំយ៉ាបផ្ទះគេ ហើយពេលដើរទៅណាម្ដងៗប៉ះស្អីលួចហ្នឹង ដើម្បីបានលុយទិញថ្នាំជក់។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ចឃុំខ្លួនបណ្ដាះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកឯម៉ូតូជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ជូនទៅវិញ៕