(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបទេស នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសិក្សា ស្រាវជ្រាវសាងសង់សំណង់វិមានឈ្នះ-ឈ្នះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តនៅវិមានឈ្នះ-ឈ្នះ សូមចូលរួមថែរក្សាអនាម័យ សោភ័ណភាពបរិស្ថាន នៅក្នុងបរិវេណវិមាន ដែលជាសំណង់ប្រវត្តិសាស្រ្តមួយនេះ ខណៈក្នុងមួយថ្ងៃៗ ប្រជាពលរដ្ឋជាង១ពាន់នាក់ ទៅ៥ពាន់នាក់ បានចូលមកទស្សនាតាំងពីព្រឹករហូត ដល់យប់។
ការថ្លែងបែបនេះ របស់នាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ នៅក្នុងដែលឱកាសនាយឧត្តមសេនីយ៍ បានផ្តល់បទសម្ភាសន៍ ដល់ក្រុមអ្នកសារព័ត៌មាន នៅវិមានឈ្នះឈ្នះ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានលើកឡើងថា ចាប់ពីវិមានឈ្នះ-ឈ្នះ ធ្វើការសម្ពោធជាផ្លូវការមកនោះ មានប្រជាពលរដ្ឋខ្មែរជិតឆ្ងាយ និងភ្ញៀវបរទេសប្រមាណ១ពាន់នាក់ សម្រាប់ថ្ងៃធម្មតា និងចាប់ពីជាង៣ពាន់នាក់ ទៅ៥ពាន់នាក់ នៅថ្ងៃឈប់សម្រាក និងនៅថ្ងៃសៅរ៍-អាទិត្យ បានមកចូលរួមទស្សនានូវ វិមានឈ្នះឈ្នះនេះ។ ប៉ុន្តែក្នុងបរិវេសណសំណង់នេះ នៅពុំទាន់មានសោភ័ណភាពល្អនៅឡើយទេ ដោយសារតែគ្មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនោះ។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា ក្រុមការងារសាងសង់នឹងបន្តសាងសង់ នៅសំណង់ជាច្រើនទៀត ក្នុងបរិវេណវិមានឈ្នះ-ឈ្នះនេះ ស្របតាមសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ ដែលគាត់បានស្នើសុំជាបន្តបន្ទាប់ នាពេលកន្លងមកនោះ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងនឹងរៀបចំដាក់ភ្លើង និងពាក្យពន្យល់គ្រប់រូបចម្លាក់ទាំងអស់ ដែលឆ្លាក់នៅក្នុងបរិវេណនេះ ដើម្បីធ្វើយ៉ាងណាឱ្យភ្ញៀវដែលចូលរួមទស្សនាបានយល់ដឹង កាន់តែច្បាស់នូវប្រវត្តិពិត និងខ្លឹមសារទាំងនោះ។ យើងនឹងរៀបចំឱ្យល្អឥតខ្ចោះបន្ថែមទៀត ទាំងខាងក្នុងវិមាន និងក្រៅវិមានដ៏ប្រវត្តិសាស្រ្តមួយនេះ»។
សូមជម្រាបថា វិមានឈ្នះ-ឈ្នះ បានចាប់ផ្តើមសាងសង់ឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិចតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយបានសម្ពោធជាផ្លូវការចំនួនបីថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៨ កន្លងទៅនេះ។
សំណង់វិមានឈ្នះ-ឈ្នះនេះ តំណាងឱ្យវីរភាពរបស់សម្តេច ហ៊ុន សែន ដែលហ៊ានប្រថុយជីវិតធ្វើដំណើរ ទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម ជួយផ្តួលរំលំរបបប្រល័យ ជូពសាសន៍ ប៉ុល ពត។ មួយវិញទៀត ការសាងសង់វិមានឈ្នះ-ឈ្នះនេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាល ដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ ហើយរួមទាំងជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជាច្រើន ទសវត្សរ៍កន្លងមក និងក៏ទុកជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយជាដើមផងដែរ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ធ្លាប់បានឱ្យដឹងដែរថា វិមានឈ្នះឈ្នះនេះ នឹងដាក់ក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្នុងកម្មសិក្សារបស់កងទ័ពនាពេលខាងមុខនេះ ដោយសារវិមាននេះ ប្រៀបបានដូចជាមជ្ឈមណ្ឌលផ្ទុកឯកសាររបស់ជាតិទាំងមូលដែរនោះ៕