(កំពង់ធំ)៖ អគារសិក្សាមួយខ្នង ប្រកក្បឿងមានពីរបន្ទប់រួមនឹងសម្ភារមួយចំនួនសម្រាប់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាពុកយុក នៅភូមិពុកយុក ឃុំសាយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពុងធំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមជំនួយឧបត្ថមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត។
ពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅសាលាបឋមសិក្សាពុកយុក នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ក៏បានការចូលរួមពី លោក ជូ វុនធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ, លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន លោក ដុស ឌីន អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត, អ្នកស្រី អ៊ឹម រីណា នាយិកាសាលាបឋមសិក្សាពុកយុក រួមនឹងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
លោក ដុស ឌីន អគ្គនាយកអម្រឹត បានបញ្ជាក់ថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមការងារសង្គមជាមួយ គណអធិបតី ថ្នាក់គ្រប់គ្រង បុគ្គលិកអម្រឹត ព្រមទាំងលោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សទាំងអស់ ដែលមានវត្តមាននៅទីនេះ។ ការចូលរួមកិច្ចការសង្គមនៅថ្ងៃនេះ គឺជាការសហការគ្នារវាង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា សាលាក្រុងស្ទឹងសែន លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស និងអម្រឹត ដោយបានផ្តួចផ្តើមគំនិតនេះឡើង និងសហការគ្នាកសាងអគារសិក្សាមួយខ្នងប្រក់ក្បឿងមានពីរបន្ទប់ កែលម្អខ្លោងទ្វារសាលា និងកសាងខឿនដងទង់ជាតិ សម្រាប់សាលាបឋមសិក្សាពុកយុកស្ថិតនៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីឆ្លើយតបទៅនឹងកង្វះខាតអគារសិក្សារបស់ប្អូនៗ ក្នុងការសិក្សាថ្នាក់ទី៥ និងទី៦»។
លោកបន្តថា «យើងខ្ញុំសង្ឃឹមថា ការចូលរួមសកម្មភាពសង្គមនាពេលនេះ នឹងអាចជួយសម្រួលដល់ប្រជាពលរដ្ឋក្នុង ក្រុងស្ទឹងសែន និងប្អូនៗសិស្សានុសិស្សបានមួយកម្រិត។ តបនឹងសកម្មភាពថ្ងៃនេះ យើងខ្ញុំ សូមសំណូមពរដល់ ប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្សទាំងអស់ មេត្តាជួយការពារ និងថែរក្សាសម្ភារទាំងនេះឲ្យបានយូរជាប្រយោជន៍សម្រាប់កូនចៅយើងទាំងអស់គ្នា និងជួយការពារបរិស្ថាន ឲ្យបានស្អាតល្អជាប្រចាំផងដែរ»។
អ្នកស្រី អ៊ឹម រីណា នាយិកាសាលាបឋមសិក្សាពុកយុក បានលើកឡើងថា «ការសាងសង់អគារសិក្សានេះ គឺជាការបំពេញការខ្វះខាតបន្ទប់សិក្សា និងបានជួយឲ្សសាលាបឋមសិក្សាមួយនេះ ក្លាយទៅជាសាលាបឋមសិក្សាពេញលក្ខណៈ ដោយកាលពីមុន សាលានេះមានតែបីបន្ទប់តែប៉ុណ្ណោះ ហើយកូនៗរៀនបានត្រឹមថ្នាក់ទី៤ បើកូនៗចង់បន្តការសិក្សាថ្នាក់ទី៥ និងទី៦ ត្រូវទៅសិក្សាសាលាបឋមសិក្សាផ្សេង ដែលមានចម្ងាយឆ្ងាយពីផ្ទះ»។
នាយិការូបនោះបន្ថែមថា «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានជួយសាងសង់អគារសិក្សានេះ»។
អ្នកស្រីនាយិកា ក៏បានអំពាវនាវឲ្យមាតាបិតាសិស្សទាំងអស់ បញ្ជូនកូនៗមកសាលាឲ្យបានគ្រប់ៗគ្នា និងសំណូមពរឲ្យសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួនឯង និងក្រុមគ្រួសារ រួមនិងដើម្បីអភិវឌ្ឍសង្គមជាតិយើង ឲ្យកាន់តែមានការរីកចម្រើនជឿនលឿនជាងនេះទៅទៀត។
សូមជម្រាបថា ការកសាងអគារសិក្សានេះ បានចំណាយពេលជាងមួយខែ ក្រោមជំនួយឧបត្តម្ភដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត មានដូចជា៖ អគារសិក្សាមួយខ្នងប្រក់ក្បឿងមានពីរបន្ទប់ តុសិក្សារបស់សិស្ស ខ្លោងទ្វារ ខឿនដងទង់ជាតិ និងសម្ភារមួយចំនួនទៀត។ ក្រៅពីនេះ អម្រឹតក៏បានផ្តល់នូវសម្ភារសិក្សាមួយចំនួនទៀត ជូនដល់សិស្សានុសិស្ស មាតាបិតាសិស្ស និងលោកគ្រូ អ្នកគ្រូ មានដូចជា៖ មួកសុវត្ថិភាព អាវយឺត កាតាប សៀវភៅសរសេរ ប៊ិក ខ្មៅដៃ និងបានឧបត្ថម្ភបង់អង្គុយចំនួន១០ ព្រមទាំងធុងសំរាមចំនួន១០ ដល់សាលាក្រុងកំពង់ធំផងដែរ៕