(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ រៀបចំផ្សព្វផ្សាយគោលនយោបាយអនុវត្តរបបសន្តិសុខសង្គម របស់បេឡាជាតិរបបសន្តិសុខសង្គម និងចែករំលែកចំណេះដឹងអំពីសារប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស ព្រមទាំងចែកប័ណ្ណសមាជិក ប.ស.ស ជូនមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងនិវត្តន៍ជនចំនួន៥៨០៧នាក់។
ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពី លោកនាយករងបេឡាជាតិរបបសន្តិសុខសង្គម, អគ្គលេខាធិការក្រសួង និងតំណាងពីគ្រប់អគ្គនាយកដ្ឋាន និងអង្គភាព ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ហ៊ាន សាហ៊ីប បានឲ្យដឹងថា បេឡាជាតិរបបសន្តិសុខសង្គម ដែលបានអនុវត្តតួនាទី ភារកិច្ចប្រកបដោយជោគជ័យ ក្នុងនាមប្រតិបត្តិករ ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាណាព្យាបាលបច្ចេកទេស ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការផលិតបានប័ណ្ណសមាជិក ប.ស.ស ដើម្បីចែកជូនដល់មន្រ្តីសាធារណៈនៅតាមក្រសួង ស្ថាប័ន និងអង្គភាព ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយកិច្ចការនេះសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ជាអាទិ៍ភាព ក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍវិស័យសង្គមកិច្ច និងប្រព័ន្ធសន្តិសុខសង្គមរបស់កម្ពុជា។
រដ្ឋលេខាធិការរូបនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគិតគូរផ្តោតជាសំខាន់ លើការពង្រីកវិសាលភាព លើរបបសន្តិសុខសង្គម ដែលមានស្រាប់ឲ្យបានកាន់តែទូលំទូលាយ និងដាក់ឲ្យដំណើរការនូវរបបថ្មីៗថែមទៀត ដើម្បីផ្តល់នូវការគាំពារជាអតិបរមា ជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ទន្ទឹមនេះ ចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម គឺការធានាឲ្យប្រជាពលរដ្ឋកម្ពុជា គ្រប់រូបទទួលបាននូវការ គាំពារចម្បង ២យ៉ាងគឺ ទី១៖ ទទួលបានប្រាក់សោធន នៅពេលឈានចូលវ័យចាស់ជរា និងទី២៖ទទួលបានការធានារ៉ាប់រងសុខភាព នៅពេលមានជំងឺ។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ គាំពារសង្គមឆ្នាំ២០១៦-២០២៥ ក្នុងគោលបំណងសម្រេចបាននូវ «កំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាប័ន្ន» ដោយផ្តោតជាសំខាន់លើសសរស្ដំធំៗចំនួន២គឺ ទី១៖ប្រព័ន្ធជំនួយសង្គម ជាការឆ្លើយតប នឹងគ្រោះអាសន្នការអភិវឌ្ឍមូលធនមនុស្ស ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងសុខុមាលភាពរបស់ប្រជាជនងាយរងគ្រោះ និងទី២៖ប្រព័ន្ធសន្តិសុខសង្គម (របបសោធន របបថែទាំសុខភាព របបហានិភ័យការងារ និងរបបនិកម្មភាព)។
ជាមួយគ្នានេះ ក្រោមការយកចិត្តទុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, រាជរដ្ឋាភិបាលបានចាប់ផ្តើមអនុវត្តរបបថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដោយរាជរដ្ឋាភិបាល ទទួលបន្ទុកបង់ភាគទានទាំងស្រុង ជំនួសមន្ត្រីសាធារណៈសម្រាប់ឆ្នាំ២០១៨ និងជំនួសអតីតមន្ត្រីរាជការ និងអតីតយុទ្ធជន រហូតដល់ឆ្នាំ២០២០។
ចំណែកឯគោលនយោបាយ នៃការផ្តល់តាវកាលិកផ្នែក ថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជនមានលក្ខណៈទូលំទូលាយ និងល្អប្រសើរ។ បន្ថែមពីនេះរាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ និងតម្កល់ឧត្តមប្រយោជន៍មន្ត្រីសាធារណៈ ដោយសន្យាដាក់ឲ្យអនុវត្តបន្ថែមមួយទៀត នូវរបបហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈនៅឆ្នាំ២០១៩នេះ។
លោក ហ៊ាន សាហ៊ីប បានជំរុញ និងលើកទឹកចិត្តដល់បុគ្គលិកមន្រ្តីរាជការ ចូលរួមគាំទ្រ និងប្រើប្រាស់ប័ណ្ណសមាជិកប.ស.ស ជារៀងរាល់ពេល ដែលទៅទទួលសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តផ្សេងៗ ពីព្រោះថានេះជាអត្ថប្រយោជន៍ ដែលមន្រ្តីគ្រប់រូបត្រូវទទួលបាន។
លោកក៏បានស្នើដល់តំណាងអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះមតិណែនាំ និងបទឧទ្ទេសនាមរបស់ក្រុមការងារ តំណាងបេឡាជាតិសន្តិសុខសង្គម ពាក់ព័ន្ធការផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គមរបស់បេឡាជាតិរបបសន្តិសុខសង្គម ព្រមទាំងការចែករំលែកចំណេះដឹង ពាក់ព័ន្ធនឹងសារៈប្រយោជន៍ នៃការប្រើប្រាស់ប័ណ្ណប.ស.ស. សំដៅក្តាប់ឲ្យបានចំណេះដឹងពាក់ព័ន្ធផ្នែកនេះ សម្រាប់យកទៅផ្សព្វផ្សាយ និងណែនាំបន្តដល់បុគ្គលិក មន្រ្តីរាជការនៅតាមអង្គភាពរៀងៗខ្លួនដែលមិនបានចូលរួមក្នុងកម្មវិធីនេះ៕