(ភ្នំពេញ)៖ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាអតីតមនុស្សជំនិតជាន់ខ្ពស់របស់ លោក សម រង្ស៉ី បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានប្រាប់ការពិតដល់តុលាការ ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ) របស់លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ នៅក្នុងពេលចូលបំភ្លឺជូនចៅក្រមស៊ើបសួរ ក្នុងនាមជាសាក្សី នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ។
នៅពេលចេញពីបន្ទប់សាកសួរ លោក គង់ គាំ បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «ខ្ញុំស្បថថា បានដឹងអីជម្រាបហ្នឹង មិនបានបំភ្លៃ បំផ្លើសឬមួលបង្កាច់អ្វីទេ ហើយខ្ញុំគិតថា មេធាវីដើមចោទគេជាអ្នកដាក់បន្ទុក ឯមេធាវីចុងចោទគឺជាអ្នកដោះបន្ទុក ខ្ញុំជាសាក្សីមិនបានដាក់បន្ទុកទេ មិនបានដោះបន្ទុកទេ គ្រាន់តែបំភ្លឺ ដើម្បីឱ្យតុលាការមានព័ត៌មានគ្រប់គ្រាន់ផ្តល់យុត្តិធម៌ដល់ អ្នកដែលត្រូវចោទតែប៉ុណ្ណឹងទេបាទ»។
បើតាម លោក គង់ គាំ, នៅក្នុងពេលសាកសួរនោះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសួរអំពីជីវិតនយោបាយរបស់លោក អំពីស្ថានភាពគណបក្សសង្រ្គោះជាតិ និងតួនាទីជាទីប្រឹក្សាគណបក្សសង្រ្គោះជាតិរបស់លោក ព្រមទាំងសួរអំពីទំនាក់ទំនងរបស់លោក ជាមួយលោក កឹម សុខា និង លោក សម រង្ស៉ី។
ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក មិនបានបង្ហើបអំពីចម្លើយរបស់លោកនៅចំពោះមុខតុលាការថាយ៉ាងណានោះទេ។ ដោយចាត់ទុកថា ការបំភ្លឺរបស់លោក គឺជាជំនួយ ឬជាប្រភពដល់តុលាការ ហើយអ្វីៗគឺអាស្រ័យលើតុលាការខ្លួនឯង។
សម្រាប់លោក គង់ គាំ, លោកមានការភ្ញាក់ផ្អើលដែលឃើញវីដេអូ លោក កឹម សុខា ដែលសារភាពអំពីការឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។
សូមរំលឹកថា លោក គង់ គាំ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានលោក គី ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅសាកសួរក្នុងនាមសាក្សី ក្នុងសំណុំរឿងដែលមានជនត្រូវចោទ កឹម សុខា ជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ)។
លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧៕