(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅលើកទី១ លើប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance) ដែលសវនកម្មនេះធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែមករា។
តំណាងស្ថាប័ន JQA និងជាសវនករលោក ម៉ាម៉ូរុ យ៉ាម៉ាដា (Mamoru YAMADA) បានធ្វើបទបង្ហាញខ្លីដើម្បីពន្យល់ពីនីតិវិធី ក៏ដូចជាគោលបំណងក្នុងការចុះធ្វើសវនកម្មប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 លើកទី១នេះ។ គោលបំណងក្នុងការធ្វើសវនកម្មនេះ គឺដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំថ្ងៃនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន នៅក្នុងរយៈពេលនៃសុពលភាព៣ឆ្នាំ នៃស្ដង់ដា ISO14001: 2015 បន្ដពីសវនកម្មឆ្នាំទៅមិញ។
តាមការបង្ហាញរបស់លោក ម៉ាម៉ូរុ យ៉ាម៉ាដា ចំណុចយកចិត្តទុកដាក់នៅពេលធ្វើសវនកម្មជាថ្មីនេះ មាន៥ចំណុច៖
* ទី១៖ ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានទាំងមូល ឆ្លើយតបនឹងសភាពការប្រែប្រួលផ្ទៃក្រៅ និងផ្ទៃក្នុង។
* ទី២៖ ភាពទាក់ទងគ្នាជាប្រចាំ ព្រមទាំងលក្ខណៈអាចអនុវត្តបាន នៃប្រព័ន្ធគ្រប់គ្រងបរិស្ថានឆ្លើយតបនឹងវិសាលភាពនៃវិញ្ញាបនប័ត្រ។
* ទី៣៖ ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន ព្រមជាមួយការចាត់ចែងបន្ដការកែលម្អ។
* ទី៤៖ អំណោយផលនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងទៅលើការសម្រេចគោលនយោបាយបរិស្ថាន និងគោលដៅបរិស្ថានរបស់ស្ថាប័ន។
* ទី៥៖ សវនកម្មលើកនេះ នឹងពិនិត្យអំពីស្ថានភាពកែលម្អជាប្រចាំ តាមរយៈការបង្វិលកង PDCA (Plan, Do, Check, Act)។
លោក សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា និងជាតំណាងលោកអគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្ដែងអារម្មណ៍រីករាយ និងកោតសរសើរចំពោះការចូលរួមរបស់មន្រ្តីជំនាញ ជាសេនាធិការតាមនាយកដ្ឋានទាំងអស់នៃអាជ្ញាធរជាតិអប្សរា ដែលបានចូលរួមជាប្រចាំក្នុងការងារមួយនេះ។
តាមរយៈការធ្វើសវនកម្មលើកនេះ លោក សុខ លក្ខិណា រំពឹងថា មន្រ្តីជំនាញតាមនាយកដ្ឋានទាំងអស់នឹងខិតខំយកចិត្តទុកដាក់ និងបន្តសហការឱ្យបានល្អជាមួយសវនករ ដើម្បីជោគជ័យថែមទៀត ក្នុងការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានថ្មីនេះ។
គួរបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលអាជ្ញាធរជាតិអប្សរាទទួលវិញ្ញាបនបត្រស្ដង់ដា ISO ក្នុងនោះលើកទី១ ឆ្នាំ២០០៦ វិញ្ញាបនបត្រ ISO 14001 ដោយមានស្ថាប័នជប៉ុនទាំង៤ មាន JQA, Sophia, ISRI, JQAI នៅបន្តជួយជាបច្ចេកទេស ដើម្បីជំរុញការងារប្រព័ន្ធគ្រប់គ្រងបរិស្ថាននេះឱ្យដំណើរការជាប្រក្រតី។ លើកទី២ ឆ្នាំ២០០៩ លើកទី៣ឆ្នាំ២០១២ ទី៤ ឆ្នាំ២០១៥ ទទួលបានវិញ្ញាបនបត្រ ISO 14001 តាមរយៈការវាយតម្លៃ និងផ្តល់វិញ្ញាបនបត្រនេះដោយស្ថាប័ន JQA និងទី៥ ឆ្នាំ២០១៨ វិញ្ញាបនបត្រ ISO 14001:2015 តាមរយៈការវាយតម្លៃ និងផ្តល់វិញ្ញាបនបត្រនេះដោយស្ថាប័ន JQA៕