(ព្រះសីហនុ)៖ ដោយមានការចង្អុលបង្ហាញពីលោក ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងតម្រង់ទិសជំនាញវិជ្ជាជីវៈទេសចរណ៍ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ សិស្ស និសិ្សត ប្រតិបត្តិករទេសចរណ៍ និងតំណាងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ក្នុងវិស័យទេសចរណ៍សរុបប្រមាណ ១៦០នាក់។
សិក្ខាសាលានេះរៀបចំឡើងដើម្បីចូលរួមបង្ហាញផ្លូវដល់យុវជន សិស្ស និស្សិត ក្នុងការចាប់យកការសិក្សា និងអាជីពនៅក្នុងវិស័យទេសចរណ៍ ដែលជាវិស័យដែលមានទីផ្សារការងារកំពុងតែត្រូវការបំផុត ជាពិសេសនៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ ដូចជានៅក្នុងខេត្តព្រះសីហនុនេះជាដើម។
អង្គសិក្ខាសាលានេះ មានការចូលរួមពីសំណាក់មន្រ្តីជំនាញ និងវាគ្មិនមកពីសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងអ្នកជំនាញទេសចរណ៍ ក្នុងការចែករំលែកព័ត៌មាន និងចំណេះដឹងផ្សេងៗ ទាក់ទងទៅនឹងការអប់រំ និងបណ្តុះបណ្តាលជំនាញទេសចរណ៍ ឱកាសការងារ និងអាជីពនៅក្នុងវិស័យទេសចរណ៍ កម្មវិធីហ្វឹកហា្វត់ការងារ Apprenticeship & Intership គម្រោងកម្ចីសិក្សាជាដើម។ល។
ជាមួយគ្នានោះ នៅក្នុងអង្គសិក្ខាសាលាក៏មានការបង្ហាញជំនាញផ្នែកសេវាកម្មភេសជ្ជៈ និងមានការប្រគល់សៀវភៅតម្រង់មុខរបរ និងការងារក្នុងវិស័យទេសចរណ៍ និងសៀវភៅស្តង់ដាររង្វាន់អ្នកជំនាញទេសចរណ៍គំរូក្នុងឧស្សាហកម្មទេសចរណ៍ផងដែរ។
គួររំលឹកថា កន្លងទៅនេះ ក្រសួងទេសចរណ៍បានប្រកាសផ្សព្វផ្សាយចលនាប្រឡងប្រណាំងអ្នកជំនាញទេសចរណ៍គំរូ ក្នុងឧស្សាហកម្មទេសចរណ៍ប្រចាំ ឆ្នាំ២០១៩ នេះលើជំនាញពីរផ្នែក គឺផ្នែកម្ហូបអាហារ និងភេសជ្ជៈ និងការិយាល័យជួរមុខ ដែលក្នុងនោះអ្នកជំនាញនៅក្នុងផ្នែកទាំងពីរ (ជាជនជាតិខ្មែរ និងបរទេស) អាចធ្វើការដាក់ពាក្យចូលរួមប្រឡងប្រណាំង យកជ័យលាភីរង្វាន់អ្នកជំនាញទេសចរណ៍គំរូប្រចាំឆ្នាំនេះបាន។
ដោយឡែក ដើម្បីចូលរួមធានាឱ្យមានអ្នកជំនាញទេសចរណ៍មានភាពគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាព សម្រាប់បម្រើការងារនៅក្នុងខេត្តតំបន់ឆ្នេរមួយនេះ បន្ទាប់ពីអង្គសិក្ខាសាលា ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ ក៏មានការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ដើម្បីបង្កើតឱ្យមានភាពជាដៃគូរវាងសាលាបណ្តុះបណ្តាល និងប្រតិបត្តិករទេសចរណ៍នៅក្នុងការផ្តត់ផ្តង់សិស្ស និស្សិតដែលបានកំពុងសិក្សា និងបានបញ្ចប់សិក្សាលើជំនាញទេសចរណ៍ អាចទទួលបានឱកាសកម្មសិក្សាការងារ ក៏ដូចជាឱកាសការងារនៅតាមមូលដ្ឋានអាជីវកម្ម និងប្រតិបត្តិករទេសចរណ៍ដែលកំពុងត្រូវការអ្នកជំនាញ ដែលប្រការនេះនឹងចូលរួមកាត់បន្ថយគម្លាត នៃកង្វះខាតអ្នកជំនាញបម្រើការងារនៅក្នុងឧស្សាហកម្មទេសចរណ៍ សម្រាប់ខេត្តតំបន់ឆ្នេរមួយនេះ៕