(កំពង់ធំ)៖ ក្រោយពីធ្វើការដកហូតទំនិញខូចគុណភាពតាមផ្សារនានា ក្នុងខេត្តកំពង់ធំរួចមក នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ មន្រ្តីកាំកុងត្រូលសាខាខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្ម បានដឹកនាំកម្លាំងចម្រុះ ធ្វើការដុតកំទេចទំនិញខូចគុណភាព ជិត២តោន ដែលប្រមូលពីអាជីវករលក់ដូរ ក្នុងឆ្នាំ២០១៨កន្លងមក។
លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា ទំនិញខូចគុណភាពទាំងនោះ រួមមាន៖ ភេសជ្ជៈគ្រប់មុខ ស្រាបៀ ប្រហិត ស្ករគ្រាប់ មីកញ្ចប់ ប័រ ចាហួយដូង ទឹកដោះគោ កាហ្វេរ ទឹកស៊ីអ៊ីវ និងផលិតផលខូចគុណភាពសរុប២០មុខ ដែលសរុបទាំងអស់១៨៧៨គីឡូក្រាម។
មន្ត្រីជំនាញកាំកុងត្រូល សូមអំពាវនាវដល់អាជីវករ ពាណិជ្ជករទាំងអស់រកស៊ីដោយ សុច្ចរិត គិតគូពីផាសុកភាពពលរដ្ឋទូទៅ សូមកុំនាំចូលនូវទំនិញដែលមន្ត្រីជំនាញបានហាមឃាត់ ដែលជាទំនិញធ្វើឲ្យប៉ះពាល់សុខភាព ដល់អ្នកប្រើប្រាស់ និងអ្នកបរិភោគ៕