(ព្រះវិហារ)៖ លោក កង សៅគុណ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកជ័យសែន ខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បានលើកឡើងថា ៤០ឆ្នាំមកនេះ ប្រទេសកម្ពុជាបានប្រែក្លាយពីគំនរផេះផង់ រហូតមានការអភិវឌ្ឍន៍រីកចំរើនគ្រប់វិស័យ ប្រកបដោយក្តីមោទនភាពបំផុត។
ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងពិធីមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ថ្ងៃ៧មករា (៧មករា១៩៧៩-៧មករា២០១៩) នៅស្រុកជ័យសែន ដោយមានការចូលរួមពីអនុប្រធានក្រុមការងារថ្នាក់ខេត្ត សមាជិកក្រុមការងារ ក៏ដូចជាមន្ត្រីរាជការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ។
បន្ទាប់ពីបានស្តាប់សុន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួចមក, លោក កង សៅគុណ បានលើកឡើងថា ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលនេះ ជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណាមកបំភ្លៃ ឬបំផ្លាញបានឡើយ។
លោក កង សៅគុណ បានបន្ដទៀតថា មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទើបមានអ្វីៗ ដូចសព្វថ្ងៃនេះ ហើយថាថ្ងៃ៧មករា បានកើតចេញពីការលះបង់សាច់ស្រស់ ឈាមស្រស់ និងភាពអង់អាចក្លាហានរបស់ថ្នាក់ដឹកនាំ យុទ្ធជនកម្ពុជា បានវាយដណ្តើមជោគជ័យ លើរបបប្រល័យពូជសាសន៍ ដូច្នេះសូមស្មារតី ថ្ងៃ៧ មករា ស្ថិតស្ថេរជាអមតៈ។
លោកថា ៤០ឆ្នាំកន្លងមកនេះ គឺ៤០ឆ្នាំ នៃសាមគ្គីភាព វីរភាព និងជ័យជម្នះ ហើយការខិតខំពុះពាររបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៤០ឆ្នាំមកនេះ បានកែប្រែមាតុភូមិកម្ពុជា ពីគំនរផេះផង់ឲ្យរស់ឡើងវិញ និងរីកចម្រើនលូតលាស់គ្រប់វិស័យប្រ កបដោយមោទនភាពបំផុត ដែលបានពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ឲ្យយើងឈានទៅសម្រេចនូវគោលដៅដ៏ឧត្តុងឧត្តម គឺកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាព។
ជាមួយគ្នានោះ លោក កង សៅគុណ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជួយថែរក្សា សុខសន្តិភាព ដែលរកបានដោយលំបាកបំផុត នាបច្ចុប្បន្ននេះ ឲ្យនៅស្ថិតស្ថេរគង់វង្សជានិរន្ត សម្រាប់អនាគតយូរអង្វែងរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរយើងតទៅទៀត៕