(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងនៅក្នុងពិធីរំលឹកគុណគ្រូ និងស្រោចសុគន្ធវារី ដែលស្ថិតនៅឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែងថា គ្រូបើមើលទ្រង់ទ្រាយធំ គឺជាគ្រូក្នុងសាលាទេ តែប្រជាពលរដ្ឋមានវត្តមាននៅទីនេះ ដែលជាឪពុក-ម្តាយផង និងជាគ្រូផង។
ក្នុងពិធីនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លោក ស សុខា បានអះអាងទៀតថា លោកគ្រូ អ្នកគ្រូ ជាធនាគារនៃគំនិត និងជាធនាគារនៃភាពវៃឆ្លាត ដូច្នេះសិក្សានុសិស្ស ដែលមានបញ្ចប់ការសិក្សាទៅទទួលបានភាពជោគជ័យ ឧស្សាហ៍នឹកឃើញពួកគាត់ផង ព្រោះពួកគាត់លះបង់ខ្លាំងណាស់ ទាំងកម្លាំងកាយ ទឹកចិត្ត និងប្រាជ្ញាដើម្បីផ្តល់ចំណេះដឹងឲ្យយុវជនជំនាន់ក្រោយ។
លោកបានបន្ថែមថា ចំណែកឯវត្តអារាម គឺជាផ្ទះទី២របស់សិក្សានុសិស្សអាស្រ័យស្នាក់ នៅសម្រាប់ការសិក្សា ប៉ុន្តែផ្ទុយទៅវិញ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត គេបានបំផ្លាញសូម្បីតែសាសនាខ្លួនឯង ក៏មិនទុកដែរ ជាពិសេសធនធានមនុស្សដែលមានការចេះដឹងដូចជា លោកគ្រូ អ្នកគ្រូ នេះជាដើម ប៉ុន្តែសម័យនេះ លោកគ្រូ អ្នកគ្រូ មានតួនាទីសំខាន់ណាស់ក្នុងការក៏សាងសមត្ថភាពធនធានមនុស្ស។
លោក ស សុខា ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលតែងតែផ្តល់ឱកាសឲ្យយុវជនយើងច្រើនណាស់ ក្នុងការចូលរូមក៏សាងប្រទេសជាតិ របស់យើង។ លោកបានស្នើឲ្យថ្នាក់ដឹកនាំស្រុកមេសាង ធ្វើការសហការជាមួយ យុវជន ស.ស.យ.ក, កាកបាទក្រហម, កាយរិទ្ធឲ្យខ្លាំងបន្ថែមទៀត ដើម្បីធ្វើការងារជួយសង្គម ព្រោះការងារសង្គមមិនមែនចាំបាច់តែមានលុយបានធ្វើបានទេ សំខាន់គឺយើងចូលរួម។ ដូច្នេះហើយយុវជនចេះរួបរួមសាមគ្គីគ្នា រវាងខ្មែរ និងខ្មែរ ព្រោះលោកមិនចង់ឃើញភាពអសន្តិសុខនៅក្នុង ភូមិ-ឃុំទេ៕