(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក​វរសេនីយ៍ទោ អ៊ុង សឿន អធិការរង ដែលមានការបញ្ជាពី លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការខណ្ឌ បានតាមបង្ក្រាបជនសង្ស័យចំនួន២នាក់ ដកហូតថ្នាំញៀន៣កញ្ចប់ និងម៉ូតូ១គ្រឿង ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។

បើតាមការបញ្ជាក់ពី លោកអធិការរង​ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើងក្រោមការស្រាវកំណត់មុខសញ្ញា និងពេលវេលា នៃការចេញចូល ទើបឈានដល់ការពួនស្ទាក់ រហូតឃាត់សាកសួរដើម្បីត្រួតពិនិត្យ​បានរកឃើញថ្នាំញៀន ដែលពួកគេលាក់ទុក​ចំនួន៣កញ្ចប់ ជាមួយម៉ូតូជិះធ្វើសកម្មភាព១គ្រឿង ពណ៌ស លាយក្រហម ពាក់ផ្លាកលេខ​កំពង់ចាម​1E-9274។

លោកបានឲ្យដឹងថា ចំពោះជនសង្ស័យដែលឃាត់ខ្លួន ក្នុងបទល្មើសរក្សាទុកគ្រឿងញៀន ដើម្បីធ្វើការជួញដូរឈ្មោះ អិន សុភ័ក្រ អាយុ៣៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិកំពង់ទឹក ឃុំសោម ស្រុកគីរីវង្ស ខេត្តតាកែវ និងម្នាក់ទៀតឈ្មោះ អោក កែវ​ អាយុ២៥ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅស្រុកសំរោង ខេត្តតាកែវ។

ក្រោយបញ្ចប់ប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបាននាំមកបន្តឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ​ចាត់ការតាមនិតិវិធី៕​