(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពតនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំមន្ទីរអង្គភាព និងស្ថាប័នជុំវិញខេត្តកំពត ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំរដ្ឋ នៃខេត្តគៀនយ៉ាង (វៀតណាម) នៅសាលាខេត្តគៀងយ៉ាង ប្រទេសវៀតណាម ដែលដឹកនាំតំណាងភាគីវៀតណាមដោយលោក ម៉ាយ អាញ់ញិន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង។
លោកអភិបាលខេត្តកំពត បានបន្ថែមថា ក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃខេត្តទាំងពីរកំពត-គៀនយ៉ាងមានដូចជា វិស័យអប់រំ សុខាភិបាល ពាណិជ្ជកម្ម កសិកម្ម ជាពិសេសសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈកាន់តែមានភាពរីកចម្រើន ជាបន្តបន្ទាប់ក្រោមការដឹកនាំនៃខេត្តទាំងពីរ។
ក្នុងនាមជាបងប្អូន និងជាអ្នកជិតខាងល្អ ខេត្តគៀនយ៉ាង តែងតែជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារ និងថវិកាដល់ខេត្តកំពត។ ទន្ទឹមនេះផងដែរ កិច្ចសហប្រតិបត្តិការការពារសន្តិសុខ តាមបណ្តោយព្រំដែនរវាងខេត្តទាំងពីរ បានផ្តល់នូវភាពអនុគ្រោះឲ្យគ្នាទៅវិញទៅមកបានល្អ ហើយបានបង្កឱកាសឲ្យប្រជាជននៃខេត្តទាំងពីរ ជាសាច់ញាតិ បងប្អូនបានសួរសុខទុក្ខគ្នា និងប្រកបមុខរបររកស៊ី មានភាពសុខសាន្ត និងរីកចម្រើនជាលំដាប់។
លោក ជាវ តាយ បន្តថា ក្នុងនាមក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តកំពតទាំងមូល ព្រមទាំងក្នុងនាមលោកផ្ទាល់ បានសំដែងការ ចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋ កម្មាភិបាល យុទ្ធជន យុទ្ធនារី និងប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាមទាំងមូល។
ដោយឡែក សម្រាប់ខេត្តគៀនយ៉ាងជាបងប្អូន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០១៩ នេះ សូមឲ្យចំណងមិត្តភាព ជាបងប្អូនរវាង កម្ពុជា-វៀតណាម និងសង្ឃឹមយ៉ាងមុតមាំថាចំណងមិត្តភាព ក្នុងភាពជាបងប្អូនគ្នារវាងប្រទេសនិងប្រទេស ពិសេសរវាងខេត្តទាំងពីកំពត គៀងយ៉ាង នឹងកាន់តែរីកចម្រើនជាលំដាប់ទ្វេដង ប្រសើរឡើងនៅឆ្នាំបន្តបន្ទាប់ថែមទៀត៕