(កំពង់ចាម)៖ អំណោយរបស់លោក ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ត្រូវបានលោក សោ សាវឿន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំអូរស្វាយ ស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ យកទៅប្រគល់ជូនប្រជាពលរដ្ឋ៧៤ ក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម។
លោក សោ សាវឿន ដែលជានិច្ចជាកាលតែងតែចុះមូលដ្ឋានជាប់ជាប្រចាំ ដើម្បីដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ បានបញ្ជាក់ថា អំណោយដែលនាំទៅប្រគល់ជូន ពលរដ្ឋ៧៤គ្រួសារ នោះរួមមាន៖ គ្រួសារទើបសម្រាលកូន ចំនួន៥៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន សារុង១ ថវិកា១០០,០០០រៀល, ចាស់ជរាជួបការលំបាក ចំនួន២១គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា៥០,០០០រៀល។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារ ក៏បានចុះពិនិត្យមើលទីតាំងដែលកំពុងសាងសង់សាលាឆទានមួយកន្លែង ក្នុងភូមិអន្លង់ស្នូក ព្រមទាំងនាំយកថវិការបស់ លោក ហ៊ុន ណេង ចំនួន២,០០០,០០០រៀល សម្រាប់ជួយឧបត្ថម្ភដល់ការកសាង ទៅប្រគល់ជូនផងដែរ។
ជាមួយគ្នានេះ លោក សោ សាវឿន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងរំលែកទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ហ៊ុន ណេង ព្រមទាំងលោក គួច ចំរើន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ជូនដល់ប្រជាពលរដ្ឋទាំង៧៤គ្រួសារផងដែរ។
បន្ទាប់ពីនោះ លោកប្រធានក្រុមការងារ ក៏បានជួបប្រជុំជាមួយលោកមេឃុំ និងមេភូមិទាំង៧ ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ក្នុងមូលដ្ឋានបន្ថែមដែរ៕