(ភ្នំពេញ)៖ លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិ នៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិ ស.អ) បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីរៀបចំយន្តការធ្វើការស្រាវជ្រាវរួមគ្នា លើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើង នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ដែលទទួលបន្ទុកកិច្ចការស្រាវជ្រាវ និងតំណាងអ្នកស្រាវជ្រាវ នៃសកលវិទ្យាល័យរដ្ឋធំៗ មួយចំនួនរួមមាន៖
* សកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, វិទ្យាស្ថានជាតិ NIPTICT, សកលវិទ្យាល័យជាតិគ្រប់គ្រង, សកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, សកលវិទ្យាល័យភូមិន្ទកសិកម្ម, សកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ព្រមទាំងលេខាធិការដ្ឋាន មូលនិធិ ស.អ សរុបចំនួនប្រមាណ៥០នាក់។
លោក កាន ច័ន្ទមេត្តា បានថ្លែងថា កិច្ចប្រជុំនេះ គោលបំណងសំខាន់ធំៗ ចំនួន៣ រួមមាន៖
* ទី១៖ ការចែករំលែកបទពិសោធន៍ នៃសកលវិទ្យាល័យនីមួយៗ ទាក់ទងនឹងការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
* ទី២៖ ការពិភាក្សាលើប្រធានបទស្រាវជ្រាវ រវាងសកលវិទ្យាល័យ ក្នុងគោលដៅសហការជំរុញការស្រាវជ្រាវលើវិស័យ ប.គ.ព. ឲ្យកាន់តែប្រសើរឡើង
* ទី៣៖ ការពិភាក្សាទៅលើយន្តការ នៃការប្រើប្រាស់មូលនិធិស.អ. ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការជួយដល់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
លោក សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានថ្លែងថា បច្ចុប្បន្ន បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ត្រូវបានគេយកទៅប្រើប្រាស់ យ៉ាងទូលំទូលាយក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងនវានុវត្តន៍ លើជាច្រើន រួមមាន៖ វិស័យកសិកម្ម សុខាភិបាល ពាណិជ្ជកម្ម ធនាគារ និងសិល្បៈជាដើម។
លោក សេង សុភាព បានបញ្ជាក់ថា ដូច្នេះកិច្ចប្រជុំនេះ ពិតជាឱកាសដ៏ល្អមួយ ដែលគ្រឹះស្ថានអប់រំឧត្តមសិក្សារដ្ឋ ដែលធ្វើការលើវិស័យផ្សេងៗគ្នា អាចជួបពិភាក្សា និងសហការគ្នា អនុវត្តគម្រោងស្រាវជ្រាវ ឲ្យកាន់តែល្អប្រសើរជាងមុន តាមរយៈការប្រើប្រាស់ ICT ស្របតាមនិន្នាការពិភពលោក ជាពិសេសការមកដល់ នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤៕