(ប៉ៃលិន)៖ លោក ម៉ុម ម៉ៅ និងភរិយា ដែលជាម្ចាស់ចំការតាង៉ែន ហៅថា «មៀនប៉ៃលិន» លើផ្ទៃដី១០ហិចតា ដែលរស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន បានថ្លែងថា ក្រោមការរស់នៅជ្រកម្លប់ដ៏មានសន្ដិភាព ដែលដឹកនាំដោយប្រមុខដឹកនាំដ៏ឈ្លាសវៃ និងរឹងមាំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើឲ្យប្រជារាស្ដ្រ រស់នៅដោយប្រកបដោយក្ដីសុខ និងប្រកបមុខរបរចិញ្ចឹមជីវិតយ៉ាងងាយស្រួលដោយមិនភ័យខ្លាច រត់លាក់ខ្លួនពីអ្នកណាមួយឡើយ។
ម្ចាស់ចំការរូបនេះបានថ្លែងបែបនេះ ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញមកស្វែងយល់ពីជីវភាព ជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសការដំាតាង៉ែននៅខេត្ដប៉ៃលិនតែម្ដង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។
ក្នុងឱកាសនោះ សម្ដេចក៏បានចុះសួរសុខទុក ដល់ម្ចាស់ចំការ លោក ម៉ុម ម៉ៅ , លោកបានលើកឡើងថា «ខ្ញុំរំភើបរីករាយណាស់ក្នុងជីវិតខ្ញុំ មិនដែលមានឱកាសសម្ដេចចូលមកដល់ចំការ របស់ប្រជាពលរដ្ឋទេ ទើបតែសម័យតេជោ, ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលមកដល់ចំការតែម្ដង ស្វែងយល់ ចង់ដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រ គាត់ដើរមើលគ្រប់ទីកន្លែងទាំងអស់ ដែលនេះជាការលើកទឹកចិត្ដមួយ ដល់កសិករខ្មែរយើង ឲ្យបន្ដប្រឹងប្រែងដាំដុះដំណាំរបស់ខ្លួនបន្ថែមទៀត ពិតជាសប្បាយចិត្ដដែលបានរស់នៅក្នុងសម័យសម្ដេចតេជោនេះ»។
ជាងនេះម្ចាស់ចំការថ្លែងថា «ជាក់ស្ដែង ដូចអ្នកស្រុកភូមិខ្ញុំនៅទីនេះ រស់នៅដោយមានភាពសុខសាន្ដ ប្រកបរបរចិញ្ចឹមជីវិតតាមតែខ្លួនចង់បាន និងស្របច្បាប់ ដូចជាគ្រួសារខ្ញុំជាដើម សព្វថ្ងៃប្រកបមុខរបរដាំតាង៉ែនលក់ ដែលកំពុងពេញនិយមនៅលើទីផ្សារ ដោយយើងដាំហើយ យើងមានទីផ្សារ លក់ឲ្យចិន ថៃ និងកម្ពុជាយើង»។
លោក ម៉ុម ម៉ៅ បានឲ្យដឹងថា «បច្ចុប្បន្នចំការតាង៉ែនខ្ញុំ ក្នុងមួយឆ្នាំ ពួកខ្ញុំប្រមូលផលបានខ្ទង់ម៉ឺនដុលា្លរ ហើយឆ្នាំនេះខ្ញុំទទួលបានផល ចំនួន៧២,០០០ដុល្លារ ដែលដាំលើទំហំដី១០ហិចតា ដោយដាំតាង៉ែន៨ហិចតា និងមានទឹកអូរ ដើមឬស្សីទប់ទឹកជុំវិញ ហើយបើកគិតពីការចំណាយទូទាត់ទាំងអស់ ២ម៉ឺនដុល្លារ ចឹងឆ្នាំនេះខ្ញុំចំណេញបានជាង៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ»។
លោកបានបន្ដថា «ដើម្បីកុំឲ្យធ្លាក់ថ្លៃ គឺខ្ញុំម៉ៅចំការនេះទាំងស្រុងទៅឈ្មួញថៃ ដោយគ្រាន់តែចាប់ចេញផ្លែ ប៉ុនម្រាមដៃភ្លាម គឺត្រូវរកឈ្មួញ មកម៉ៅចំការភ្លាម បើម៉ៅ ឬលក់ចេញពេលទុំ ឈ្មួញនឹងទម្លាក់តម្លៃភ្លាមៗ ព្រោះដឹងថា តែវាទុំទុកដឹងតែខូចហើយ ពីតម្លៃធម្មតាពីជិត៤,០០០រៀល ធ្លាក់មកត្រឹមជាង២,០០០ឬ ១,៥០០រៀល»។
សម្រាប់បញ្ហាប្រឈម ម្ចាស់ចំការនេះបានថ្លែងថា ត្បិតតែតាង៉ែន មានទីផ្សារ តែអ្នកដាំមិនសូវបាន ដោយសារតែគ្មានប្រភពទឹកគ្រប់គ្រាន់ ខ្វះបច្ចេកទេស ខ្វះទឹក ត្រូវខ្យល់ខ្លាំង ការលូតលាស់នៃដំណាំនេះមិនបានផលល្អឡើយ ដែលជាមូលហេតុបងប្អូនប្រជាពលរដ្ឋយើងខ្លះ ងាកទៅដាំដំឡូង ពោតជាដើម ។ តែបើចំពោះ ដាំតាង៉ែន គឺបានផលល្អណាស់ រហូតដល់ទៅជាង៧០ឆ្នាំឯណោះ ។
ចំណែកបច្ចេកទេសដំាដុះវិញ គឺដាំលក្ខណៈធម្មតាទេ បើគិតចាប់ពីដាំ អាយុវាគ្រប់៣ឆ្នាំវាផ្លែ ហើយ៧ខែផ្លែអាចប្រមូលផល ដោយក្នុងឆ្នាំយើងប្រមូលបានតែម្ដង, សម្រាប់បច្ចេកទេស គឺយកតាមថៃ បើដាក់អត់ត្រូវ ក៏ផ្លែមិនល្អដែរ, បើចេញតាមធម្មជាតិល្អ លុះត្រាអាកាសធាតុត្រជាក់រំហើយ ទើបវាចេញផ្លែដោយខ្លួនវាល្អ ព្រោះវាត្រូវការត្រជាក់ និងទឹកច្រើនពេលវាចេញផ្កាយហើយ ដាក់មួយថ្ងៃខានមួយថ្ងៃ ចាប់ដល់ពេលវាបាន៤-៥ខែហើយ យើងដាក់ទឹករាល់ថ្ងៃ ព្រោះដល់ពេលដែលបាចជី ក៏ក្ដៅ បាញ់ថ្នាក់ ក៏វាក្ដៅ ចឹងវាត្រូវការទឹក៕