(ភ្នំពេញ)៖ គណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្ដីពី ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឲ្យមានប្រសិទ្ធភាព។
ក្នុងកិច្ចប្រជុំនោះ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លោក ឃួង ស្រេង បានលើកឡើងថា ក្រោយពីដាក់ចេញនូវសេចក្តីណែនាំលេខ០០៧/១៧ ស.ណ.ន ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ស្ដីពីការដោះស្រាយចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ សាធារណៈក្នុងរាជធានីភ្នំពេញ ក្នុងនោះផ្លូវសំខាន់ចំនួន១១ខ្សែ ដើម្បីធ្វើជាគំរូសម្រាប់អនុវត្តវិធានការរួម។
រដ្ឋបាលរាជធានីភ្នំពេញ កត់សម្គាល់ឃើញថា មានប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវថ្នល់ និងភាគីពាក់ព័ន្ធទាំងអស់បានយល់ដឹងអំពីព្រំដែន នៃកម្មសិទ្ធិ និងជាប្រយោជន៍សាធារណៈដោយបានកែប្រែទម្លាប់ និងឥរិយាបទនៃការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ហើយបានចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ គឺបានទទួលការគាំទ្រពីមហាជនដ៏ច្រើនលើសលប់។
លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានជាពិសេសខណ្ឌ សង្កាត់ ត្រូវរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងនោះរដ្ឋបាលខណ្ឌទាំង១២ សមត្ថកិច្ចស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថរាជធានី រួមជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធទាំងអស់ ជាសេនាធិការរបស់សាលារាជធានីភ្នំពេញ ដើម្បីអនុវត្តវិធានការនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ហើយស្រមតាមសេចក្តីណែនាំនេះ។
ជាមួយគ្នានោះ លោក ឃួង ស្រេង បានកំណត់ថា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ការប្រើប្រាស់ចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ការធ្វើរោងបុណ្យ និងកម្មវិធីផ្សេងៗ ម្ចាស់កម្មវិធីត្រូវលើកសំណើសុំអាជ្ញាធរមូលដ្ឋានដោយភ្ជាប់នូវកិច្ចសន្យា និងគំរូ ដើម្បីពិនិត្យ និងសម្រេចលើសំណើរទៅនឹងកម្រិតប្រើប្រាស់ចាំបាច់មិនឲ្យលើស 1/2 នៃទ្រូងផ្លូវ និងត្រូវរៀបចំកម្លាំងសមស្របដើម្បីសម្រួលចរាចរណ៍។
ក្នុងកិច្ចប្រជុំនោះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំឲ្យប្រជាពលរដ្ឋម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម ម្ចាស់ការដ្ឋាន អ្នកគ្រប់គ្រង មន្ទីរពេទ្យ គ្រឹះស្ថានអប់រំសាធារណៈ វិស័យឯកជន និងអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ដើម្បីធ្វើការសម្រួល និងរៀបចំទីតាំងរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របតាមខ្លឹមសារណែនាំខាងលើនេះ។
ក្នុងករណីប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មម្ចាស់ការដ្ឋាន អ្នកគ្រប់គ្រងមន្ទីរពេទ្យ គ្រឹះស្ថានអប់រំ អគារសាធារណៈ វិស័យឯកជន និងអ្នកប្រើប្រាស់ផ្លូវថ្នល់ ទាំងឡាយណាមិនចូលរួមអនុវត្តតាមសេចក្តីខ្លឹមសារ នៃសេចក្តីណែនាំនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១២ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការរដ្ឋបាល រួមមានបិទអាជីវកម្ម ផ្អាកការដ្ឋាន ដកហូតសម្ភារ រុះរើសំណង់។ល។ ក្នុងករណីចាំបាច់ត្រូវចាត់វិធានការច្បាប់ជាធរមាន។
អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះរថយន្តដឹកទំនិញធុនធំ រថយន្តកុងតឺន័រ រថយន្តបាញ់បេតុង និងរថយន្តក្រឡុកស៊ីម៉ងត៍ ត្រូវចេញចូលរាជធានីភ្នំពេញ ដោយគោរពតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងចៀសវាងការប្រើប្រាស់ទ្រូងផ្លូវ ក្នុងការលើកដាក់ផ្ទេរទំនិញ បាញ់បេតុង ឬឈប់សំចតដោយអនាធិបតេយ្យ។ ក្នុងករណីបម្រើឲ្យការងារសំណង់ម្ចាស់ការដ្ឋាន ត្រូវណែនាំដល់អ្នកបើកបររថយន្តបាញ់បេតុង និងរថយន្តក្រឡុកស៊ីម៉ង់ត៍ ត្រូវចតរថយន្តរបស់ខ្លួនឲ្យមានសណ្ដាប់ធ្នាប់ដាក់ស្លាកសញ្ញាសំគាល់ការដ្ឋាន និងត្រូវរៀបចំកម្លាំងដើម្បីជួយសម្រួលចរាចរណ៍៕