(ភ្នំពេញ)៖ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាមនុស្សជំនិតរបស់ លោក សម រង្ស៉ី នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ បានចូលបំភ្លឺជូនចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ជុំវិញសំណុំរឿង សន្ទិដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ) របស់លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ។
លោក គង់ គាំ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបាន លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅសាកសួរក្នុងនាមសាក្សី ក្នុងសំណុំរឿងដែលមានជនត្រូវចោទ កឹម សុខា ជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ)។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧៕