(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាប់ផ្តើមលើកយកសំណុំរឿងអតីត អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណ: ដែលជាប់ចោទលើករណីឃាតកម្ម មកជំនុំជម្រះ។ ដែលអង្គសវនាការនេះ ដឹកនាំដោយ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងនិងជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ។
បើតាមមន្ត្រីតុលាការបញ្ជាក់ថា សវនាការនេះ ធ្វើឡើង បន្ទាប់ពីបើកការស៊ើបសួរ អស់រយៈពេលជាង៩ខែរួចមក ក្នុងសំណុំរឿងឃាតកម្មសម្លាប់នារី ចេវ សុវឌ្ឍនា ហើយមានលោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវនិងបក្ខពួក៣នាក់ជាជនជាប់ចោទបានត្រូវតុលាការលើកយកមកបើកសវនាការជំនុំជម្រះនៅថ្ងៃទី២៣ខែមករាឆ្នាំ២០១៩នេះ។
គួររំលឹកថា លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ បានសម្រេចចេញដីកាឃុំខ្លួនលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និង បក្ខពួក៣នាក់ទៀត ដាក់ពន្ធនាគារបណ្តោះអាសន្ន។
ចំណែកមនុស្សពីរនាក់ទៀត ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ព្រោះមិនជាប់ពាក់ព័ន្ធ។
ជនសង្ស័យត្រូវចោទទាំង៤នាក់រួមមាន៖ ទី១៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, ទី២៖ លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ទី៣៖ឈ្មោះ ម៉េន សាម៉ៃ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងទី៤៖ ឈ្មោះ ជឹម វុធ ហៅ ថូត ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា។ ចំណែកមនុស្សពីរនាក់ទៀតត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញមានឈ្មោះ ឈ្មោះ ចាន់ រី ភេទស្រី និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឱ្យលោក ឡាយ ណារិទ្ធ។
ប្រភពពីតុលាការបានបញ្ជាក់ថាលោក ឡាយ វណ្ណៈ អាយុ៤៥ឆ្នាំ និង លោក ឡាយ ណារិទ្ធ អាយុ៤៦ឆ្នាំ ជាប់ចោទប្រកាន់ពីបទឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ និង ឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាប់ចោទប្រកាន់ពីបទលាក់បំបាំងតម្រុយ ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។
យោងតាមច្បាប់ក្រមព្រហ្មទណ្ឌ បានចែងថា មាត្រា១៩៩: បទឃាតកម្ម៖ អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺជាឃាតកម្ម។
ឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០(ដប់)ឆ្នាំ ទៅ១៥(ដប់ប្រាំ)ឆ្នាំ។ មាត្រា៥៣២៖ បទលាក់បំបាំងតម្រុយ៖ អំពើកែប្រែ លុបបំបាត់ ឬលាក់បំបាំងតម្រុយ ឬស្លាកស្នាមនៅលើទីកន្លែងនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ក្នុងគោលបំណងធ្វើជាឧបសគ្គដល់ការស្វែងរកឲ្យឃើញនូវការពិត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០(ពីរលាន)រៀល ទៅ៦,០០០,០០០(ប្រាំមួយលាន)រៀល៕