(សៀងហៃ-ចិន)៖ តបតាមការអញ្ជើញរបស់តុលាការកំពូលប្រទេសចិន, លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូ ក្រសួងយុត្តិធម៌ចូលរួម និងថ្លែងសុន្ទរកថា នៅក្នុងសន្និសីទពិភពលោកស្តីពីការអនុវត្តសាលក្រម (World Enforcement Conference) ក្រោមប្រធានបទ «ទំនើបកម្ម នៃការអនុវត្តសាលក្រម» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងសៀងហៃ ប្រទេសចិន ដោយមានគណៈប្រតិភូមកពីប្រទេសចំនួន២៩ចូលរួម។
ថ្លែងក្នុងសន្និសីទខាងលើ លោក អង្គ វង្ស វឌ្ឍានា បានកត់សម្គាល់ថា ការអនុវត្តសាលក្រមមានសារៈសំខាន់ និងមានលក្ខណៈស្មុគស្មាញនៅពេលអនុវត្ត ហើយប្រទេសនីមួយៗ មានលក្ខណៈពិសេសនៃប្រព័ន្ធច្បាប់ និងនីតិវិធីតុលាការរបស់ខ្លួន សម្រាប់ជាយន្តការក្នុងការអនុវត្តសាលក្រម។
ជាក់ស្តែងសម្រាប់ប្រទេសកម្ពុជា មានច្បាប់សំខាន់ៗ ទាក់ទងនឹងការអនុវត្តសាលក្រម ដូចជា ក្រមនីតិវិធីរដ្ឋប្បវេណី ច្បាប់ស្តីពីបណ្តឹងទាក់ទងនឹងឋានៈបុគ្គល ច្បាប់ស្តីពីនីតិវិធី មិនមែនជាបណ្តឹងរដ្ឋប្បវេណី។ល។ ចំណែកឯការអនុវត្តសាលក្រម គឺធ្វើឡើងដោយតុលាការ ហើយចំពោះការអនុវត្តសាលក្រមបរទេស យោងតាមមាត្រា៣៥២ នៃក្រមនីតិវិធីរដ្ឋប្បវេណីកម្ពុជា តម្រូវឲ្យមានការទទួលស្គាល់ពីតុលាការកម្ពុជាជាមុន។
លោករដ្ឋមន្ដ្រី ក៏បានលើកឡើងថា ដើម្បីអនុវត្តសាលក្រមប្រកបដោយប្រសិទ្ធភាព ទាមទារឲ្យមានការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ក៏ដូចជា ក្រមសីលធម៌របស់មន្រ្តីអនុវត្តច្បាប់ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ ជិតស្និតជាមួយបណ្តាប្រទេសនានា លើផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា សំដៅធ្វើទំនើបកម្មតុលាការ ឲ្យកាន់តែវៃឆ្លាត (smart court)។
លោកបានបញ្ជាក់ថា អនុលោមតាមយុទ្ធសាស្រ្តចតុកោណ ក្រសួងយុត្តិធម៌ បានដាក់ចេញនូវទស្សនៈវិស័យច្បាស់លាស់ អភិវឌ្ឍផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពប្រកបដោយនិរន្តរភាព សំដៅអនុវត្តសាលក្រមឲ្យមានប្រសិទ្ធភាព ដើម្បីធានានូវភាពយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។
សន្និសីទពិភពលោក ស្តីពីការអនុវត្តសាលក្រម ត្រូវបានដឹកនាំដោយលោក ចូវ ឈាំង ប្រធានតុលាការកំពូលប្រទេសចិន ដោយមានការចូលរួមពី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំនៃតុលាការកំពូល មកពីប្រទេស២៩ និងអង្គការអន្តរជាតិ២។ ជាលទ្ធផល សន្និសីទបានអនុម័តលើសេចក្តីថ្លែងការណ៍ សៀងហៃ នៃសន្និសីទពិភពលោកស្តីពីការអនុវត្តសាលក្រម៕