(ប៉េកាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក វ៉ាង យ៉ាង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។ នៅក្នុងជំនួបដែលធ្វើឡើងនៅមហាវិមានប្រជាជនចិន លោក វ៉ាង យ៉ាង មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដោយគួសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោមកប្រទេសចិននៅពេលនេះ គឺជាការរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន។
លោកបានមានប្រសាសន៍ថា សម្តេចតេជោគឺជាមេដឹកនាំនយោបាយមួយរូបដែលមានបទពិសោធន៍ច្រើនហើយ លោកក៏បានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតរបស់ប្រទេសកម្ពុជានៅឆ្នាំ ២០១៨ កន្លងទៅនេះ ដែលគណបក្សប្រជាជនកម្ពុជា បានឈ្នះភ្លូកទឹកភ្លូកដី និងបានអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានជាប់ឆ្នោតសារជាថ្មីទៀតជានាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជាសាជាថ្មីទៀត។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអរគុណចំពោះពាក្យពេចន៍ និងចំពោះការស្វាគមន៍របស់ភាគីចិនក្នុងទស្សនកិច្ចរបស់សម្តេច និងគណៈប្រតិភូ។ សម្ដេចតេជោក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោនាយកមន្ត្រីបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចគឺមានសារៈសំខាន់នេះមិនត្រឹមតែសម្ដេចនោះទេ គឺរួមទាំងសម្រាប់បម្រើផលប្រយោជន៍នៃប្រទេសទាំងពីរដើម្បីចូលរួមចំណែកលើកម្រិតទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅឆ្នាំ២០១៨ កន្លងទៅនេះគឺប្រទេសកម្ពុជា និងប្រទេសចិន បានប្រារព្ធខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយសម្តេចបានរំលឹកពី ទំនាក់ទំនង និងតួនាទីរបស់សម្ដេចឪ ព្រះនរោត្តមសីហនុ ជាមួយថ្នាក់ដឹកនាំចិន ដូចជា លោកប្រធាន ម៉ៅ សេទុង និងស៊ូ អីនឡាយជាដើម ដែលបានបង្កើតទំនាក់ទំនងទ្វេភាគីនាពេលនោះរវាង ប្រទេសយើងទាំងពីរ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជាពិសេសដោយសារព្រះអង្គបានចាប់ផ្ដើមក្នុងការកសាងទំនាក់ទំនងរវាងចិន និងកម្ពុជាដែលទោះបីជានៅពេលនោះស្ថានភាពអន្តរជាតិ មិនផ្ដល់អនុគ្រោះសម្រាប់កម្ពុជាក៏ដោយ ក៏ប៉ុន្តែកម្ពុជាបានគាំទ្រប្រទេសចិនជាពិសេសកៅអីនៅអង្គការសហប្រជាជាតិ ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលនេះដោយសារសម្ដេចឪមានចក្ខុវិស័យយូរអង្វែងដែលគិតថា ពេលនោះគឺចិនអាចតំណាងនៃប្រទេសចិនទាំងមូល ដូច្នេះសម្ដេចក៏បានគោរពនូវចក្ខុវិស័យយូរអង្វែងរបស់ព្រះអង្គ ក្នុងការកសាងទំនាក់ទំនងចាប់ពីដើមទីរហូតមកដល់ពេលនេះ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងពិតជាបានទទួលផលប្រយោជន៍ច្រើនពីប្រទេសចិន ហើយការរីកចម្រើននេះមិនត្រឹមតែខ្លួនឯងទេ គឺសម្រាប់ប្រទេសដទៃផ្សេងទៀតផងដែរ។ ចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយ ផ្លូវមួយវិញ សម្តេចបានមានប្រសាសន៍ថា ពិតជាបានផ្ដល់នូវអត្ថប្រយោជន៍សម្រាប់ភាគីទាំងអស់ដែលចូលរួមនៅក្នុងគំនិតនេះ ហើយផ្អែកទៅលើស្ថានភាពនេះ កម្ពុជាក៏ផ្សារភ្ជាប់ជាមួយនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីគម្រោងជាច្រើនដែលនៅក្នុងដែលស្ថិតនៅក្រោមគំនិត ផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ និងយុទ្ធសាស្ត្រចតុកោណនៃរាជរដ្ឋាភិបាលកម្ពុជា ដែលកាលពីម្សិលមិញសម្ដេចបានជួបចរចាជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង ក្នុងការពិគ្រោះយោបល់អំពីស្ថានភាព នៅកម្ពុជាជាពិសេសទៅលើសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាកន្លងទៅនេះ គឺមានការរីកចំរើនជាពិសេសកំណើនសេដ្ឋកិច្ច៧.៣ភាគរយ ក្នុងឆ្នាំ២០១៨កន្លងទៅនេះ ហើយភាពរីកចម្រើននេះ ក៏ដោយសារមានវិនិយោគរបស់ចិនមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្លាស់ប្ដូរមតិជុំវិញស្ថានភាពជុំវិញតំបន់ ជាពិសេសទាក់ទងសមុទ្រចិនខាងត្បូងនិងទំនាក់ទំនងរវាងអាស៊ានចិន ក្រៅពីនោះសម្ដេចក៏បានមានប្រសាសន៍ ពាក់ព័ន្ធនៅសេដ្ឋកិច្ចជាពិសេសសម្តេចតេជោក៏បានអរគុណមិត្តចិន ដែលបានប្រកាសថា បង្កើនកូតាឲ្យកម្ពុជានាំអង្ករមកប្រទេសចិនពី៣០ ទៅ៤០ម៉ឺនតោន នៅឆ្នាំ២០១៩នេះ។ សម្តេចក៏បានអញ្ជើញ លោក វ៉ាង យ៉ាង មកទស្សនកិច្ចនៅប្រទេសកម្ពុជានៅពេលណាសមស្របទៅមុខ ហើយលោកប្រធានក៏បានឆ្លើយតបអរគុណសម្តេចចំពោះការអញ្ជើញរបស់សម្តេច ហើយលោក នឹងរកពេលវេលាសមស្របណាមួយនាពេលខាងមុខ។
លោកបានគួរបញ្ជាក់ថា បច្ចុប្បន្ននេះចិនបានចាត់ទុកទំនាក់ទំនងរវាងចិន និងកម្ពុជាគឺល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរហើយដោយសារមាន កិច្ចសហប្រតិបត្តិការជាច្រើន គ្រប់លំដាប់លើគ្រប់វិស័យ ជាពិសេសទៀតគឺគេមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងប្រទេសទាំងពីរក្នុងកម្រិតអន្តរជាតិផងដែរ។ លោក នឹងបន្តធ្វើការជាមួយគ្នាទៅលើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសកិច្ចសហប្របត្តិការទៅលើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ចនិងប្រជាជននិងប្រជាជនផងដែរ។ លោកពិតជាគាំទ្រចំពោះគ្រប់ទិសដៅរបស់សម្ដេច ដែលបានបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នោះដែលជាយន្តការថ្មីមួយទៀត ក្នុងប្រទេសកម្ពុជានេះហើយ លោកថាស្ថាប័នទាំងសងខាង និងបន្តកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធបន្ថែមទៀតហើយ នឹងមានការផ្លាស់ប្ដូរការទស្សនកិច្ចគ្នាទៅវិញទៅមកក្នុងកម្រិតខ្ពស់ជាបន្តបន្ទាប់ទៀត៕