(ប៉េកាំង, ចិន)៖ ក្នុងដំណើរបំពេញទស្សនកិច្ចនៅថ្ងៃទី៣ក្នុងប្រទេសចិន នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កានៅវិមានវីរជនរបស់ប្រជាជនចិន នៅមុខទីលានធានអាមេន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
ជាមួយការដាក់កម្រងផ្កាដែលមានចារឹកអក្សរពណ៌មាស មានអត្ថន័យថា «វីរជនរបស់ប្រជាជនចិនស្ថិតនៅជាអមតៈ» សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយវាចាចិត្តដោយសេចក្តីគោរព ជូនចំពោះវិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធនារី និងកងទ័ពរំដោះប្រជាជនចិន ដែលបានធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុនៃការការពារទឹកដី និងការវាយប្រយុទ្ធការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពាន រហូតក្លាយខ្លួនជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១០។
សូមបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិន និងព្រៈរាជាណាចក្រកម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងចិន ត្រូវបានដំឡើងទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រហូតមកដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា ចិន បានចុះហត្ថលេខាលើផែនការសកម្មភាព ស្តីពីការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជា ចិន នៅទីក្រុងប៉េកាំង៕