(បៃលិន)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រតិភូអមដំណើរ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញបូជា ទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈបូជាជាច្រើនទៀត ថ្វាយដល់អាស្រមលោកយាយយ៉ាត ។
ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណៈប្រតិភូ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ផ្លែឈើថ្វាយព្រះរតនត្រ័យ ព្រមទាំងប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ ដែលគង់នៅវត្តភ្នំយ៉ាត និងវត្តរតនៈសោភ័ណ (ហៅវត្តកោងកាង) ដែលស្ថិតនៅក្រុងបៃលិន ខេត្ដបៃលិន ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លាមួយ ក្នុងព្រះពុទ្ធសាសនា តែងតែដឹកនាំមន្ដ្រីគ្រប់លំដាប់ថ្នាក់នៃកាកបាទក្រហមកម្ពុជា និងមន្ដ្រីជាច្រើនផ្នែកទៀត បូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទេយ្យវត្ថុជាច្រើន រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃ គង់នៅតាមវត្ដអារាម ដើម្បីទ្រទ្រង់ និងជ្រោងទង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែរីកចម្រើន។
ជាក់ស្ដែងនៅថ្ងៃនេះដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាននាំយកទេយ្យវត្ថុប្រគេនវត្តចំនួនពីរខាងលើនេះ រួមមាន៖ អង្ករ ២០០គីឡូក្រាម មី ១០កេស ត្រីខ ៣កេស សាច់ក្រក ១០គីឡូក្រាម ត្រីងៀត ១០គីឡូក្រាម ស្ករស ១០គីឡូក្រាម ទឹកដោះគោខាប់ ៥កេស អូវ៉ាន់ទីន ៥កេស មៀនកំប៉ុង ២កេស តែ ៥គីឡូក្រាម ទឹកក្រូច ១០កេស ទឹកបរិសុទ្ធ ១០កេស និងបច្ច័យ ៥លានរៀល ព្រមទាំងបច្ច័យផ្ទាល់ខ្លួនរបស់លោកស្រីថ្នាក់ដឹក ជាសប្បុរសជនចូលរួម ចំនួន ៣,៥០០ដុល្លារអាមេរិក និង៥០ម៉ឺនរៀលបន្ថែមទៀតផងដែរ ។
ដោយឡែក ប្រគេនព្រះចៅអធិការវត្តនីមួយៗ សាដក១ និងបច្ច័យ១លានរៀល, ប្រគេនព្រះសង្ឃ ៩អង្គ គង់នៅវត្តភ្នំយ៉ាត និងព្រះសង្ឃ ៦៩អង្គ នៅវត្តរតនៈសោភ័ណ ក្នុង១អង្គៗ សាដក់១ និងបច្ច័យ១០ម៉ឺនរៀល។
សម្រាប់ជូនយាយជី តាជី ទាំងពីរវត្តសរុបចំនួន៣២នាក់ ក្នុងម្នាក់ៗ ថវិកា៥ម៉ឺនរៀល និងក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្នុងនោះក៏បានជូនក្រណាត់ស ២០ដុំ និងថវិកា ២លានរៀល សម្រាប់កុមារ ២០នាក់ ដែលស្នាក់នៅរៀនសូត្រក្នុងវត្តភ្នំយ៉ាតផងដែរ ។
កាយវិការដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពុទ្ធសាសនានេះ ទទួលបានការវាយតម្លៃ និងកោតសរសើរខ្ពស់ ពីព្រះសង្ឃ យាយជី អាចារ្យវត្ដ និងប្រជាពុទ្ធបរិស័ទទូទៅ ៕