(ព្រះសីហនុ)៖ គណៈប្រតិភូទីក្រុងឈីងតាវដឹកនាំដោយ លោក លួយ ជៀនជុន អភិបាលរងក្រុងឈីវតាវ នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលជួបសម្តែងការគួរសមជាមួយ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នាព្រឹកទី២២ ខែមករា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តឈីងតាវ និងខេត្តព្រះសីហនុ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រអប់រំ និងទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចខៀវ កំពង់ផែ និងទេសចរណ៍។
ក្នុងឱកាសនោះ លោក យន្ត មីន បានស្វាគមន៍គណៈប្រតិភូទីក្រុងឈីងតាវ ព្រមទាំងបានជម្រាបជូនពីសក្តានុពលរបស់ខេត្ត មានកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ មានវិសាលភាពធំទូលាយ សម្រាប់តភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រជាលក្ខណៈជាតិ អន្តរជាតិ បម្រើទំនិញជាកុងតឺន័រចេញ-ចូល ប្រមាណជិត៧៣ភាគរយ នៃបរិមាណទំនិញនាំចេញ នាំចូលទូទាំងប្រទេស។
លោកបន្តថា ខេត្តព្រះសីហនុ មានព្រលានយន្តហោះអន្តរជាតិ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនអ្នកដំណើរជាតិ និងអន្តរជាតិមកទស្សនា និងវិនិយោគនៅខេត្តព្រះសីហនុ បច្ចុប្បន្នព្រលានយន្តហោះប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ចំនួន១១ក្រុមហ៊ុន ក្នុងនោះមានជើងហោះហើរក្នុងស្រុកមាន៨៣ជើង ក្នុងមួយសប្តាហ៍ និងក្រៅស្រុក៦១ជើង ក្នុងមួយសប្តាហ៍។ គោលដៅហោះហើរត្រង់ពីខេត្ត និងក្រុងប្រទេសចិន មកខេត្តព្រះសីហនុមាន ១៦ខេត្ត-ក្រុង។
បើតាមលោក យន្ត មីន ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤កន្លែង កំពុងដំណើរការមានរោងចក្រតូច-ធំ សរុប១៦០កន្លែង និងសិប្បកម្ម១.០៣៧កន្លែង ស្រូបយកកម្លាំងពលកម្មសរុប ៦៨.៣៥៤នាក់។ ភ្ញៀវទេសចរជាមធ្យមមានការកើនឡើងពី ១០ទៅ១៥ភាគរយក្នុងមួយឆ្នាំ ជាពិសេសភ្ញៀវទេសចរចិន ស្ថិតក្នុងលំដាប់លេខមួយដែលមានចំនួន ២០២.៩៤៧នាក់ កើនឡើង ៦៨.៧៩ភាគរយ។
បច្ចុប្បន្នមានអ្នកវិនិយោគចិនមកខេត្តព្រះសីហនុ ស្ថិតក្នុងលំដាប់លេខ១ ដែលមករកស៉ី និងវិនិយោគច្រើនក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្មដឹកជញ្ជូន សំណង់ និងទេសចរណ៍។ ក្នុងនាមអាជ្ញាធរដែនដី លោកអភិបាលខេត្ត បានគាំទ្រអ្នកវិនិយោគចិន ដែលអនុវត្តន៍តាមគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ប្រធានាធិបតីចិន ធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍលឿនយ៉ាងគំហុក ព្រមទាំងសំណូមពរដល់គណៈប្រតិភូ ជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្ត និងជួយជំរុញអ្នកវិនិយោគចិន មកកាន់ខេត្តព្រះសីហនុបន្ថែមទៀត។
លោក លួយ ជៀនជុន បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ។ លោកថ្លែងថា ខេត្តឈីងតាវ និងខេត្តព្រះសីហនុ មានកិច្ចសហប្រតិបត្តិការរីកចម្រើន។ ក្នុងឆ្នាំ២០១៨ ទីក្រុងឈីងតាវ ទទួលបានភ្ញៀវទេសចរ ១០០លាននាក់ ហើយលោកសង្ឃឹមថា ទីក្រុងឈីងតាវ និងទីក្រុងព្រះសីហនុ នឹងបន្តកិច្ចសហការលើវិស័យទេសចរណ៍ កាន់តែល្អថែមទៀត។
លោកក៏បានសំណូមពរដល់អភិបាលខេត្តព្រះសីហនុ ដឹកនាំគណៈប្រតិភូ ទៅចូលរួមរដូវកាលស្រាបៀរនៅខេត្តឈីងតាវ និងបានភ្លក់រសជាតិស្រាថ្មីៗ ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរកាន់តែជិតស្និតផងដែរ៕