(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមជាមួយមន្ត្រីជំនាញជាច្រើននាក់ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ បានចុះពិនិត្យមើលការសាងសង់វារីអគ្គិសនីខ្នាតតូច នៅទ្វារទឹករលាំងជ្រៃ ស្ថិតនៅឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលត្រូវបានគេជឿជាក់ថា ទំនប់រលាំងជ្រៃនេះ នឹងប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញថ្មីមួយទៀត។

ទំនប់វារីអគ្គិសនីខ្នាតតូចនេះ មានអានុភាពក្នុងផលិតថាមពលបានចំនួន ៣.៤មេកាវ៉ាត់ សម្រាប់ផ្គត់ផ្គង់ និងចែកចាយបន្ថែមទៀតដល់ប្រជាពលរដ្ឋក្នុងតំបន់នោះប្រើប្រាស់បន្ថែម។

លោក វ៉ី សំណាង បានឱ្យដឹងថា ការសាងសង់វារីអគ្គិសនីនេះ បានធ្វើឲ្យខេត្តកំពង់ស្ពឺមិនត្រឹមតែមានអគ្គិសនីប្រើប្រាស់បានកម្រិតខ្ពស់ទេ ថែមទាំងអាចអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍ផងដែរ។

លោកអភិបាលបានបន្តថា រដ្ឋបាលខេត្តមានបំណងប្រែក្លាយតំបន់ខាងលើឲ្យទៅជាតំបន់ទាក់ទាញភ្ញៀវមកកម្សាន្ត ដោយទូកជិះកម្សាន្ត ស្ទូចត្រី និងតំបន់ទេសចរណ៍វារីអគ្គិសនី ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺ មានតំបន់ទាក់ទាញទេសចរណ៍មួយចំនួន រួមមាន៖

* ភ្នំព្រះរាជទ្រព្យ៖ ជារាជធានីខ្មែរសម័យឧដុង្គ ស្ថិតនៅស្រុកឧដុង្គ។

* ទឹកធ្លាក់ជ្រាវ៖ ស្ថិតនៅឃុំអមលាំង ស្រុកថ្ពង ជារមណីយដ្ឋានទឹកធ្លាក់ធម្មជាតិទើបរកឃើញថ្មី និងមានសក្ដានុពលខ្លាំងក្លា។

* សារមន្ទីរនរបុរី៖ ​ស្ថិត​នៅ​តាមដងផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិ​​ចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង។ សារមន្ទីរ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ជា​លក្ខណៈគ្រួសារ​មួយ​ ក្នុង​បំណង​ទុក​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​ផង ហើយ​​ជា​ការ​ចូលរួមចំណែក​រក្សាទុក​នូវ​បេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​ជាតិ​ឲ្យ​គង់វង្ស​ផង​។ សារមន្ទីរនរបូរី​មាន​​​វត្ថុ​បុរាណ​តាំង​ពី​សម័យបុរេប្រវត្តិ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ហើយ​វត្ថុ​ទាំង​នោះ​ភាគ​ច្រើន​ជា​រូបបដិមាធ្វើ​ពី​ឈើ ពី​ថ្ម​ និងកុលាភាជន៍​ ដែលសរុប​ទាំង​អស់​មាន​រាប់ពាន់​វត្ថុបុរាណ។

* អំពែភ្នំ៖ អំពែភ្នំជា​រមណីយដ្ឋាន​វប្បធម៌ និងធម្មជាតិ មាន​ទីតាំង​ស្ថិត​នៅ​ភូមិតាំងទនេ្ល និង​ភូមិអំពែភ្នំ ឃុំសុពណ៌ទេព និងឃុំស្វាយក្រវាន់ ក្រុងច្បារមន មានចម្ងាយប្រមាណ ៤៨គីឡូម៉ែត្រ ពីភ្នំពេញ រួច​បត់​ឆ្វេង ២គីឡូម៉ែត្រ និង​ដល់​រមណីយដ្ឋាន​នេះ។

* ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ ឬគិរីរម្យ៖ គិរីរម្យ​ជា​រមណីយដ្ឋាន​ធម្មជាតិ តំបន់​នេះ​មាន​លក្ខណៈពិសេស​សម្រាប់​ភ្ញៀវទេសចរ ដូច​ជា​ព្រៃដើម​ស្រល់​យ៉ាង​ក្រាស់​មាន​ម្លប់​ជា​ទីមនោរម្យ ព្រម​ទាំង​មាន​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ​ដែល​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ​ក្រៃលែង ឧទ្យាន​ជាតិ​នេះ​ស្ថិត​នៅ​ក្នុងភូមិដំរីផុង ឃុំគិរីរម្យ ស្រុកភ្នំស្រួច​មានចម្ងាយ ​១១៧គីឡូម៉ែទ្រ ​ពី​ភ្នំពេញ​តាម​ផ្លូវជាតិលេខ៤ លើ​កំពូលភ្នំកំពស់ ៧០០ ម។

* រមណីយដ្ឋានគិរីរម្យ (ក្រោម)៖ រមណីយដ្ឋាន​នេះ​ស្ថិត​នៅ​ក្បែរ​ជើង​ភ្នំគិរីរម្យ ទី​នេះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​កែ​ច្នៃ​ឱ្យមាន​ភាព​រស់​រវើក​ល្អ​ស្អាត ​ដើម្បី​ទាក់​ទាញ​ភ្ញៀវទេសចរ។ ទី​នោះ​មាន​សណ្ឋាគារ កន្លែង​ក្មេង​លេង សួន​​រូបចម្លាក់​ដាយ​ណូស័រ ទីលាន​លេង​កីឡា និង​កន្លែង​ងូត​ទឹក​ជាដើម។

* ចំបក់៖ ចំបក់​ជារមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​ ហើយ​កំពុង​ពេញ​និយម​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ ​និង​បរទេស ទី​នោះ​មាន​ទឹក​ធ្លាក់​ដ៏​ស្រស់​ត្រកាលមាន​មាន​ដង​អូរ​ដ៏​វែង​អន្លាយ​ទឹក​ហូរ​បត់​បែន​កាត់​ផ្ទាំង​ថ្ម​ ​មាន​ម្លប់​ឈើ ​ពិសេស​ម្លប់ឫស្សី​នៅ​អម​សង​ខាង​ផ្លូវ​ធ្វើ​ដំណើរ​គួរ​ឱ្យ​ត្រជាក់​ចិត្ត​ចាប់​អារម្មណ៍​ក្រៃលែង។​​​​​​​​​​​​​​​ ចំបក់​មាន​ចម្ងាយ​ជាង​ ១គីឡូម៉ែត្រ ខាង​ជើង​គិរីរម្យស្ថិត​នៅ​ឃុំចំបក់ ស្រុកភ្នំស្រូច។

* ទឹកជ្រោះអន្លង់រ័ត្ន៖ ទឹក​ជ្រោះ​អន្លង់រ័ត្ន​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៤​គីឡូម៉ែត្រ​ ខាងជើង​ឧទ្យានជាតិគិរីរម្យ និង​មាន​ចម្ងាយ​ប្រមាណ​ ៣​គីឡូម៉ែត្រ​ ពី​រមណីយដ្ឋាន​ទឹក​ធ្លាក់​ចំបក់ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំចំបក់ ស្រុកភ្នំស្រួច។ រមណីយដ្ឋាន​ទឹក​ជ្រោះ​អន្លង់រ័ត្ន​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ២០០៨ ក្រោម​ការ​បង្ហាត់​បង្រៀន​របស់​អង្គការ​ម្លប់​បៃតង ​និង​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ ក្រោម​ការឧបត្ថម្ភ​របស់​អង្កការវីស៊ីអិន របស់ប្រទេសហូឡង់។

* រមណីយដ្ឋានល្អាងភ្នំចាស់៖ រមណីយដ្ឋាន​ល្អាង​ភ្នំចាស់ ស្ថិត​នៅ​ក្នុងស្រុកឱរ៉ាល់​។ 'រមណីយដ្ឋាន​ជា​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​ដែល​គេ​ទើប​នឹង​រក​ឃើញ​ថ្មីៗ​នេះ។ នៅ​ទី​នោះ​សម្បូរ​ទៅ​ដោយ​ល្អាង​ភ្នំធំៗ ជា​ពិសេស​អ្នក​ទៅ​កម្សាន្ត​នៅទី​នោះនឹង​បាន​ទស្សនា​របាំ និង​ស្គាល់​ពី​ទំនៀម​ទម្លាប់​របស់​ជនជាតិ​ភាគ​តិច​មួយ​ដែល​នៅ​ទីនោះ​​​​​​​​​​ គឺជនជាតិសួយ។

* រមណីយដ្ឋានវប្បធម៌ធម្មជាតិ​ភ្នំព្រះ៖ ភ្នំព្រះ​ជា​កន្លែង​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋ​ពីទីជិតទីឆ្ងាយ​ឱ្យ​មកគោរព បូជាបន់ស្រន់តាម​ជុំ​នឿ​របស់​ពួក​គាត់​ព្រោះ​ទី​នោះ​មាន​ភាព​អច្ឆរិយៈខ្លាំង​ណាស់​ខាង​ជុំនឿ។ រមណីយដ្ឋាន​វប្បធម៌​ទេសចរណ៍​ភ្នំចាស់ ​មាន​ផ្ទៃ​ដី ១០០ហិកតា ​ស្ថិត​នៅក្នុង​ស្រុកឱរ៉ាល់ តាម​ផ្លូវ​ទៅ​ចម្ការ​អំពៅលី​យ៉ុងផាត់​មាន ចម្ងាយ​ជាង ៥០គីឡូម៉ែត្រ ​ពីទីរួម​ខេត្តកំពង់ស្ពឺ។

* ប្រាសាទក្អែកពង៖ ប្រាសាទ​នេះ​ជា​ប្រាសាទទោល​មាន​ចម្ងាយ​ ១៥គីឡូម៉ែត្រ ពី​ខេត្តកំពង់ស្ពឺ​ស្ថិត​នៅ​ឃុំតាំងយាក ស្រុកភ្នំស្រួច។ ប្រាសាទ​ក្អែក​ពង ​ត្រូវ​បាន​កសាង​នៅ​លើ​កំពូល​ភ្នំ​មួយ​ដែល​មាន​កម្ពស់​ប្រមាណ​ ៣០០ម៉ែត្រ មាន​ជ្រុង​ទាំង​៤​ប៉ុន​គ្នា ​កំពូល​ប្រាសាទ​បាន​បាក់​បែក​អស់​ ហើយ​ប្រាសាទវិញ​ប្រេះ​ស្រាំ​ស្ទើរ​គ្មាន​សល់។

* តំបន់ទេសចរណ៍ជនជាតិសួយ៖ តំបន់​នេះ​មាន​ប្រជាជន ជនជាតិសួយ​រស់​នៅ​ចំនួន ​៣,៦០០គ្រួសារ ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៥ ក្នុង​ឃុំ​ត្រពាំជោ ស្រុកឱរ៉ាល់។ ភ្ញៀវទេសចរដែល​ទៅ​ទី​នោះ​ច្រើន​តែ​ចង់​ទស្សនា​វប្បធម៌​ទំនៀម​ទម្លាប់ ប្រពៃណី​ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ហើយ​រឹត​តែ​ពិសេស​ទៀត​នោះ​ភ្ញៀវ​ទេសចរ​ចង់​ទៅ​ទស្សនា​របាំ​របស់​ជនជាតិសួយ និង​របាំ​ផ្សេងៗ​ទៀត​របស់​ពួក​គាត់៕